ទីបំផុត តុលាការអាមេរិក សម្រេច​ផ្តន្ទា​ទោសស្តេចត្រាញ់គ្រីបតូ Binance ឲ្យជាប់ពន្ធនាគារ ៤ខែ

អន្តរជាតិ

​មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Binance លោក Changpeng Zhao ត្រូវបានតុលាការទីក្រុង Seattle សហរដ្ឋអាមេរិក ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយ:ពេល ៤ខែ បន្ទាប់ពីលោកបានសារភាពកំហុសជុំវិញការបំពានច្បាប់របស់សហរដ្ឋអាមេរិកដែលប្រឆាំងទៅនឹងការលាងលុយកខ្វក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Zhao ដែលត្រូវបានស្គាល់ទូទៅថា CZ បានប្រកាសលាលែងចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Binance កាលពីខែវិច្ឆិកា ឆ្នាំមុន និងថែមទាំងបានយល់ព្រមបង់ប្រាក់ផាកពិន័យជាច្រើនផងដែរ ក្រោយទទួលស្គាល់កំហុសជុំវិញការលាងលុយ តាមរយ:ប្រតិបត្តិការនៅក្នុងក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក។

គួរឲ្យដឹងផងដែរថា ដោយត្រូវបានចាត់ទុកថាជាមនុស្សដ៏មានឥទ្ធិពលបំផុតនៅក្នុងឧស្សហកម្មគ្រីបតូ លោក Zhao គឺជាបុគ្គលទីពីរហើយ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីលោក Sam Bankman-Fried ស្ថាបនិករបស់ក្រុមហ៊ុន FTX។

លោក Sam ត្រូវបានតុលាការអាមេរិក កាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ២៥ឆ្នាំ ផងដែរ កាលពីខែមីនាកន្លងទៅ ជុំវិញករណីលួចបន្លំលុយប្រមាណ ៨ពាន់លានដុល្លារ ពីអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ FTX របស់ខ្លួនដែលបច្ចុប្បន្នបានប្រកាសក្ស័យធនរួចទៅហើយ៕