ប្រធានាធិបតីបារាំង អរគុណលោក ស៊ី ជិនពីង ដែលប្តេជ្ញាមិនលក់អាវុធទៅឲ្យប្រទេសរុស្ស៊ី

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការមិនលក់អាវុធទៅឲ្យប្រទេសរុស្ស៊ីដាច់ខាត រួមទាំងការគ្រប់គ្រងលំហូរនៃទំនិញប្រើប្រាស់ដែលអាចបម្រើដល់យោធារបស់រុស្ស៊ីផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានThe Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការបេ្តជ្ញាចិត្តនេះ បានកើតឡើង អំឡុងពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងស្ថិតនៅក្នុងប្រទេសបារាំង សម្រាប់ដំណើរទស្សនកិច្ចមកកាន់តំបន់អឺរ៉រុបជាលើកដំបូងរបស់លោក ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ ។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលកិច្ចប្រជុំដ៏កម្រមួយ នៅទីក្រុងប៉ារីស ជាមួយប្រធានាធិបតីចិនរូបនេះ លោក Marcron បាននិយាយថា យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អាជ្ញាធរចិន ក្នុងការមិនលក់អាវុធណាមួយទៅឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងរួមទាំងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅលើការនាំចេញទំនិញដែលអាចបម្រើដល់ផលប្រយោជន៍យោធារុស្ស៊ី ផងដែរ។

គួរឲ្យដឹងផងដែរថា ជុំវិញការប្តេជ្ញារបស់រដ្ឋាភិបាលចិនេះ អាចជាការបើកផ្លូវថ្មីសម្រាប់សហភាពអឺរ៉ុប ដែលបានព្យាយាមបញ្ចុះបញ្ចូលលោក ស៊ី​ អស់រយ:ពេលយូរមកហើយ ក្នុងការប្រើប្រាស់ទំនាក់ទំនងជិត​ស្និទ្ធ​របស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ជាមួយគ្នានេះ លោក Macron ក៏បានអរគុណដល់លោក ស៊ី ផងដែរ សម្រាប់ការគាំទ្រគំនិតរបស់លោក ដើម្បីឲ្យមាន “បទឈប់បាញ់អូឡាំពិក” ក្នុងគោលបំណងផ្អាកជម្លោះជាសកលទាំងអស់ អំឡុងពេលកីឡាអូឡាំពិកនឹងត្រូវធ្វើឡើង ក្នុងទីក្រុងប៉ារីស នាខែកក្កដា និងខែសីហាខាងមុខ៕