ក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់អ៊ីតាលី Prada កាលពីពេលថ្មីៗនេះ បានប្រកាសពីកិច្ចព្រមព្រៀងទិញយកប្រ៊ែន Versace ដែលជាដៃគូប្រជែងធំមួយរបស់ខ្លួន នៅក្នុងតម្លៃប្រមាណជិត ១,៤ពាន់លានដុល្លារ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា Prada កំពុងទិញយក Versace ពីក្រុមហ៊ុនមេ Capri Holdings ដោយរំពឹងថានឹងធ្វើឲ្យការប្រកួតប្រជែងម៉ាកយីហោប្រណីតៗនៅក្នុងប្រទេសអ៊ីតាលី កាន់តែរួមតូច។
យ៉ាងណាមិញ ជុំវិញកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការប្រកាស កាលពីថ្ងៃទី១៣ ខែមីនា ថាលោកស្រី Donatella Versace នឹងចុះចេញពីតំណែងជានាយកច្នៃប្រឌិតរបស់ Versace ដែលជាម៉ាកយីហោបង្កើតឡើងដោយបងប្រុសរបស់លោកស្រី គឺលោក Gianni Versace។
គួរឲ្យដឹងផងដែរថា ការទិញយកប្រ៊ែន Versace របស់ Prada ក្នុងតម្លៃប្រមាណ ១,៣៨ពាន់លានដុល្លារនេះ គឺទាបជាងតម្លៃដែលក្រុមហ៊ុន Capri Holdings បានចាយលុយអស់ប្រមាណ ២,១៥ពាន់លានដុល្លារ (បូករួមទាំងបំណុល) ដើម្បីទទួលបានម៉ាកយីហោលំដាប់កំពូលនេះមកគ្រប់គ្រង ពីក្រុមគ្រួសារ Versace និងមូលនិធិវិនិយោគ Blackstone ក្នុងឆ្នាំ២០១៨។
កាលពីឆ្នាំមុន ក្រុមហ៊ុន Prada Group បានប្រកាសប្រាក់ចំណូលរបស់ខ្លួន មានចំនួនសរុបប្រមាណ ៥,៤ពាន់លានអឺរ៉ូ (៦ពាន់លានដុល្លារ) ពោលគឺបានកើនឡើង ១៧% ដោយសារភាពជោគជ័យដ៏ធំធេងនៃម៉ាកយីហោ Miu Miu របស់ខ្លួន ជាមួយនឹងការលក់កើនឡើងដល់ ៩៣% ។
ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុត Capri ដែលជាម្ចាស់របស់ Versace, Michael Kors និង Jimmy Choo បានព្យាករថាប្រាក់ចំណូលរបស់ Versace នឹងអាចធ្លាក់ចុះដល់ ៨១០លានដុល្លារក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ពីប្រាក់ចំណូល ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤៕