ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Yulia Svyrydenko បានមកដល់ទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ដើម្បីបង្កើតជាមូលនិធិមួយដែលគ្រប់គ្រងដោយប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៣០ ខែមេសាថា ៖”អរគុណចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ប្រធានាធិបតីលោក ត្រាំ ដើម្បីទទួលបានសន្តិភាពយូរអង្វែង ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ជាប្រវត្តិសាស្ត្រ ក្នុងការបង្កើតមូលនិធិវិនិយោគកសាងឡើងវិញ រវាងសហរដ្ឋអាមេរិក-អ៊ុយក្រែន” ។
លោក Bessent បន្តទៀតថា កិច្ចព្រមព្រៀងនេះ បានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់មួយ ទៅកាន់ប្រទេសរុស្ស៊ីថារដ្ឋបាលរបស់លោក ត្រាំ បានប្តេជ្ញាចិត្តបន្តដំណើរការសន្តិភាពពេញលេញសម្រាប់ប្រទេសអ៊ុយក្រែន ដែលនឹងឆ្ពោះទៅរកសេរីភាព អធិបតេយ្យភាព និងវិបុលភាព។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានពន្យល់ពីកិច្ចព្រមព្រៀងនេះថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងមានការគ្រប់គ្រងលើធនធានរ៉ែកម្ររួមគ្នា។ ៥០% នៃប្រាក់ចំណូលពីគម្រោងផ្តល់អាជ្ញាប័ណ្ណថ្មី ក្នុងវិស័យរ៉ែ ប្រេង និងឧស្ម័ននៅអ៊ុយក្រែន នឹងត្រូវផ្ទេរទៅកាន់មូលនិធិកសាងឡើងវិញ។
អ៊ុយក្រែន នឹងបន្តរក្សាការគ្រប់គ្រងពេញលេញលើរ៉ែក្រោមដី ហេដ្ឋារចនាសម្ព័ន្ធ និងធនធានធម្មជាតិរបស់ខ្លួន។ ស្របពេលការចុះកិច្ចព្រមព្រៀងនេះ ក៏នឹងមិនរារាំងដល់ការចូលជាសមាជិករបស់រដ្ឋាភិបាលទីក្រុងគៀវ នៅក្នុងសហភាពអឺរ៉ុប ផងដែរ។
ជាងនេះទៅទៀត លោក Shmyhal បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនតម្រូវឲ្យសងបំណុល ណាមួយសម្រាប់អាវុធមានតម្លៃរាប់ពាន់លានដុល្លារ និងជំនួយផ្សេងទៀតដែលខ្លួនបានទទួលពីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលផ្ទុះសង្គ្រាមនោះទេ។ ហើយប្រាក់ចំណេញនៃមូលនិធិនេះ នឹងត្រូវបានវិនិយោគឡើងវិញតែនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ។ លោក Shmyhal បានបន្ថែមថា កិច្ចព្រមព្រៀងនេះគឺល្អ យុត្តិធម៌ និងមានប្រយោជន៍៕

