លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា ធ្លាប់ត្រូវបានអាមេរិកដកសញ្ជាតិ មុនជាប់ឆ្នោតជាប្រធានាធិបតីស្រីលង្កា

អន្តរជាតិ

ប្រទេសស្រីលង្កា កំពុងតែស្ថិតនៅក្នុងវិបតិ្តសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់ ខណៈដែលការផ្ទុះតវ៉ានានាពីក្រុមបាតុកម្ម នៅក្នុងប្រទេសប្រឆាំងទៅនឹងវិធានការដោះស្រាយវិបត្តិដែលកំពុងតែកើតឡើង។ ជាមួយគ្នានេះ ក្រុមបាតុករក៏បានតវ៉ា ទាមទារឱ្យប្រធានាធិបតី លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ចុះចេញពីតំណែងទៀតផង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ប្រធានាធិបតីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា រូបលោកនឹងមិនចុះចេញពីតំណែងនោះឡើយ ប៉ុន្តែលោកសន្យាថានឹងរិះរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីទាញយកប្រទេសស្រីលង្កា ឱ្យចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះវិញ ។

គេហទំព័រឧកញ៉ាញ៉ូស៍ សូមធ្វើការបង្ហាញពីប្រវត្តិត្រួសៗ របស់លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា ប្រវត្តិយ៉ាងណា៖

លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា កើតនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៤៩ ស្ថិតក្នុងភូមិ Palatuwa ស្រុក Matata ប្រទេសស្រីលង្កា។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូន ៩ នាក់ នៅក្នុងគ្រួសារមួយ ដែលកាន់ព្រះពុទ្ធសាសនា មានឪពុកឈ្មោះ D.A. Raijapaksa ជាអតីតសមាជិកសភាស្រីលង្កា នៅចន្លោះឆ្នាំ ១៩៤៧-៦៥ និងម្តាយឈ្មោះ Dandina Samarasinghe ។

បន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សានៅមហាវិទ្យាល័យ Ananda ក្នុងទីក្រុង Colombo លោក ហ្កូតាបាយ៉ា បានចូលរួមជាមួយកងទ័ពស្រីលង្កា ក្នុងឆ្នាំ ១៩១៧។ ជាមួយគ្នានេះ លោកក៏បានទទួលការបណ្តុះបណ្តាល និងវគ្គសិក្សា នៅក្នុងប្រទេសឥណ្ឌា , ប៉ាគីស្ថាន និងនៅសហរដ្ឋអាមេរិកផងដែរ ។ ក្នុងឆ្នាំ ១៩៨៣ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកការពារជាតិ ពីសាកលវិទ្យាល័យ Madras ។
គិតមកដល់ពេលបច្ចុប្បន្នេះ លោក ហ្កូតាបាយ៉ា មានភរិយាឈ្មោះ Ioma Rajapaksa និងមានកូនប្រុសម្នាក់ ឈ្មោះ Manoj Rajapaksa ។

ងាកមកមើលប្រវត្តិការងារវិញ លោក ហ្កូតាបាយ៉ា ធ្លាប់បានបម្រើការជាមេបញ្ជាការរងនៃសកលវិទ្យាល័យការពារ Gerneral Sir Jonh Kotelawal ហើយនៅឆ្នាំបន្ទាប់ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យកូឡុំបូ។ ជំហានបន្ទាប់លោកបានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុន IT មួយ។

លុះដល់ឆ្នាំ ១៩៩៨ លោកបានធ្វើចំណាកស្រុក ទៅកាន់សហរដ្ឋអាមេរិក និងធ្វើការនៅសាលាច្បាប់ Loyola ក្នុងទីក្រុង Los Angeles ជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ។ នៅទីនោះ លោកទទួលបានសញ្ជាតិអាមេរិក នៅក្នុងឆ្នាំ ២០០៣ ដែលហេតុដូច្នេះហើយ ទើបលោកបាត់បង់សញ្ជាតិរបស់ខ្លួន នៅក្នុងប្រទេសស្រីលង្កា ។

លុះនៅឆ្នាំ ២០០៥ លោកបានវិលត្រលប់មកកាន់ប្រទេសស្រីលង្កាវិញ ដើម្បីជួយដល់យុទ្ធនាការបោះឆ្នោតប្រធានាធិបតី របស់បងប្រុស គឺលោក Mahinda Rajapaksa។ នៅពេលដែលលោក Mahinda ក្លាយជាប្រធានាធិបតី លោក Gotabaya ត្រូវបានតែងតាំងជាលេខាក្រសួងការពារជាតិ និងទទួលបានសញ្ជាតិរបស់គាត់ឡើងវិញ ។

នៅក្នុងអំឡុងពេលកាន់តំណែងនោះ លោក Gotabaya ត្រូវបានគេកោតសរសើរថាបានកសាង និងបង្កើនកម្លាំងយោធាដ៏សំខាន់ ដែលបានគ្រប់គ្រងទៅលើក្រុមប្រឆាំង ដោយជោគជ័យ នៅឆ្នាំ ២០០៩ និងបាននាំឱ្យសង្គ្រាមស៊ីវិល នៅក្នុងប្រទេសត្រូវបានបិទបញ្ចប់។

នៅក្នុងឆ្នាំ ២០១៩ លោក Gotabaya Rajapaksa បានយកជីវិតមកប្រឡូកក្នុងឆាកនយោបាយ និងត្រូវបានដាក់ឱ្យធ្វើជាបេក្ខភាពប្រធានាធិបតី ប្រទេសស្រីលង្កា សម្រាប់គណបក្ស Rodujana Peramuna (SLPP) ដែលបានបង្កើតឡើងដោយប្អូនប្រុសម្នាក់ទៀត គឺលោក Basil ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ លោកត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានាធិតីទី ៨ របស់ប្រទេសស្រីលង្កា ។ ប៉ុន្មានថ្ងៃបន្ទាប់ពីការឡើងកាន់តំណែងនោះ លោក Gotabaya បានតែងតាំង លោក Mahinda ដែលជាបងប្រុសខ្លួន ជានាយករដ្ឋមន្ត្រី និងកាន់តំណែងរហូតមកដល់សព្វថ្ងៃនេះ ។

នៅក្នុងការចូលកាន់តំណែងដំបូង លោក Gotabaya បានស្នើសុំឱ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញជាថ្មី ដើម្បីដាក់រដ្ឋាភិបាល ឱ្យស្ថិតក្រោមការប្រតិបត្តិដ៏រឹងមាំ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការស្នើសុំនេះ តម្រូវឱ្យមានការគាំទ្រពីរភាគបី នៃសភា ទើបអនុម័តបាន។ យ៉ាងណា ការបោះឆ្នោតនីតិបញ្ញត្តិត្រូវបានធ្វើឡើង ក្នុងខែសីហា ឆ្នាំ ២០២០ ហើយដោយសារតែរដ្ឋាភិបាល ទទួលបានភាពជឿជាក់ តាមរយ:ការដោះស្រាយវិបត្តិជំងឺកូវីដ ១៩ ដោយជោគជ័យ ទើបធ្វើឱ្យគណបក្ស SLPP ស្ទើតែទទួលបានសំលេងឆ្នោត ច្រើនជាងពីភាគបី ដើម្បីអនុវត្តការស្នើសុំរបស់ ប្រធានាធិបតី លោក Gotabaya បានសម្រេច ។ 

ប៉ុន្តែ ឈានចូលដល់ឆ្នាំទី ២ ក្រោមអំណាចរបស់លោក Gotabaya ជាប្រធានាធិបតី ហាក់មិនដំណើរការទៅដោយល្អនោះទេ ជាក់ស្តែងនៅខែឧសភា ឆ្នាំ ២០២១ ប្រធានាធិបតីរូបនេះ បានហាមឃាត់ការនាំចូលជី និងថ្នាំសម្លាប់សត្វល្អិត ដែលបានប៉ះពាល់ដល់ប្រជាកសិករយ៉ាងខ្លាំង ហើយជាលទ្ធផល គឺមានការធ្លាក់ចុះយ៉ាងគំហុក ក្នុងការផលិតដំណាំ និងការផ្គត់ផ្គង់លើទីផ្សារ ដែលនាំឱ្យការហាមឃាត់នេះ​ត្រូវបានដកចេញវិញ នៅក្នុងខែវិច្ឆិកា ។ ទន្ទឹមនឹងនេះដែរ ចំនួននៃការឆ្លងកូវីដ ១៩ បានកើនឡើងខ្លាំង នៅក្នុងខែឧសភា ហើយឈានដល់អត្រាខ្ពស់បំផុត នៅក្នុងឆ្នាំ ២០២០ ។

ឈានដល់ខែកកដា ការប្រកាសតែងតាំង ប្អូនប្រុសរបស់លោក Gotabaya គឺលោក Gotabaya Basil ទៅក្នុងក្រសួងហិរញ្ញវត្ថុ បានធ្វើឱ្យកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងជួររដ្ឋាភិបាល ដោយខ្លាចថាអំណាចទាំងអស់ នឹងអាចធ្លាក់ទៅលើដៃរបស់គ្រួសារ Rajapaksa ។ យ៉ាងណា ក្តីបារម្ភ ចេះតែបន្តកើនឡើង នៅពេលដែលប្រាក់ចំណូលពីការកាត់ពន្ធ ដែលបានអនុវត្តមុនជំងឺរាត្បាតបានធ្លាក់ចុះ ខណ:ផលិតផលក្នុងស្រុកសរុប អំឡុងពេលជំងឺរាតត្បាតក៏ធ្លាក់ចុះខ្លាំងផងដែរ ។

បញ្ហាថ្មីបានឈានចូលមកដល់ នៅពេលដែលលោក Rajapaksa បន្តកាន់តំណែងសម្រាប់ឆ្នាំទី ៣ ដោយបានមើលឃើញពីបញ្ហាខ្វះខាតស្បៀងអាហារ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធ្ងន់ធ្ងរទៅ ។ បន្ថែមពីនេះ នៅពេលដែលតម្លៃប្រេងឥន្ធន:សកលបានកើនឡើងខ្លាំង ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យស្រីលង្កា ខ្វះខាតប្រេងឥន្ធន: និងរួមទាំងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោង នៅទូទាំងប្រទេស ដែលជាហេតុធ្វើឱ្យប្រជាជនមិនអាចទ្រាំទ្របាន រហូតឈានដល់ការតវ៉ាប្រឆាំង ទៅនឹងគោលនយោបាយគ្រប់គ្រងមិនបានល្អ របស់ប្រធានាធិបតី លោក Gotabaya Gotabaya ៕