កំពូលបិតាវិនិយោគ Warren Buffett កាលពីពេលថ្មីៗនេះ បាននិយាយថា លោកហាក់មានអារម្មណ៍ខ្មាស់អៀនបន្តិចបន្តួចដែរ ដោយនាយកប្រតិបត្តិក្រុមហ៊ុនខ្នាតយក្ស Apple លោក Tim Cook អាចរកលុយបានច្រើនសម្រាប់ក្រុមហ៊ុន Berkshire Hathaway ជាងអ្វីដែលលោកធ្លាប់បានធ្វើទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
ជុំវិញការលើកឡើងរបស់លោក Buffett បែបនេះ ត្រូវបានធ្វើឡើង អំឡុងពេលថ្លែងនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire Hathaway លើកទី៦០ កាលពីថ្ងៃទី៣ ខែឧសភា នៅទីក្រុង Omaha រដ្ឋ Nebraska ខណ:ព្រឹត្តិការណ៍នេះបានទាក់ទាញម្ចាស់ភាគហ៊ុនរាប់ពាន់នាក់មកចូលរួមដោយផ្ទាល់ និងអ្នកតាមដានអនឡាញមួយចំនួនធំផ្សេងទៀត នោជុំវិញពិភពលោក។
អំឡុងពេលនោះ លោក Buffett បាននិយាយលេងសើចថា លោកហាក់មានអារម្មណ៍ខ្មាស់អៀនបន្តិចដោយសារតែ Tim Cook អាចរកលុយបានច្រើនសម្រាប់ Berkshire Hathaway ជាងអ្វីដែលគាត់ធ្លាប់ធ្វើ។ ហើយជាមួយគ្នានោះ លោក Warren Buffett ក៏បានថ្លែងអំណរគុណដល់នាយកប្រតិបត្តិក្រុមហ៊ុន Apple និងបានសង្កត់ធ្ងន់ថា ស្មាដៃទាំងអស់នេះ គឺផ្តល់ជូនសម្រាប់លោក Cook ។
ជម្រាបជូនថា Apple គឺជាក្រុមហ៊ុនដែលលោក Buffett ពេញចិត្តខ្លាំងជាង ហើយក៏ជាក្រុមហ៊ុនដែល Berkshire Hathaway មានភាគហ៊ុនកាន់កាប់ធំជាងគេបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Berkshire Hathaway នៅតែកាន់កាប់ភាគហ៊ុនក្នុង Apple និង Bank of America ប្រមាណ ២៦៤ពាន់លានដុល្លារ៕