នៅក្នុងខែមេសា ធនាគារកណ្តាលចិន (PBOC) បានបន្តបង្កើនការទិញមាសសម្រាប់ទុកជាទុនបម្រុងរបស់ខ្លួន ក្នុងរយ:ពេល ៦ខែជាប់ៗគ្នា ចំពេលតម្លៃមាសកំពុងមានការហក់ឡើងខ្ពស់ ស្របពេលសង្គ្រាមពាណិជ្ជកម្មក៏កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ជុំវិញការទិញចុងក្រោយនេះ មាសដុំដែលកាន់កាប់ដោយធនាគារកណ្តាលចិន បានកើនឡើងដល់ប្រហែល ៧០ ០០ ត្រយអោន ឬស្មើប្រហែល ២,៤ តោន បន្ថែមទៀត នៅក្នុងខែមេសា។ វាគឺជាខែទី៦ ជាប់ៗគ្នាហើយដែលទុនបម្រុងមាសរបស់ធនាគារកណ្តាលចិន បន្តកើនឡើង។
គួរឲ្យដឹងផងដែរថា ក្នុងរយ:ពេល ៦ខែចុងក្រោយនេះ បរិមាណនៃការទិញចូលមាសសម្រាប់ទុនបម្រុងរបស់ចិន បានកនើឡើងដល់ជិត ១ លានអោន ឬស្មើនឹងប្រមាណ ៣០ តោន ដែលជួយបង្កើនទុនបម្រុងមាសសរុបរបស់ខ្លួនដល់ជាង ២៣០៥ តោន គិតនៅក្នុងចុងខែមេសា។
តម្លៃមាសបានកើនឡើងដល់កម្រិតកំណត់ត្រាជាប់ៗគ្នា នៅឆ្នាំនេះ ដែលត្រូវបានគាំទ្រដោយការទិញចូលមាសរបស់ធនាគារកណ្តាលនានាលើពិភពលោក ក្នុងគោលបំណងធ្វើចម្រុះកម្មលើការកាន់កាប់ទុនបម្រុងឆ្ងាយពីប្រាក់ដុល្លារអាមេរិក។ ហើយការកើនឡើងនៃតម្លៃនេះ ក៏ត្រូវបានជួយដោយការកើនឡើងនៃតម្រូវការវិនិយោគផងដែរ នៅពេលដែលសង្រ្គាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុមិនស្ងប់ ដោយបង្កើនការព្រួយបារម្ភអំពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក និងជំរុញឲ្យមានតម្រូវការកាន់តែខ្ពស់។
ជម្រាបជូនថា នៅក្នុងប្រទេសចិន កំពុងមានសញ្ញាថាវិនិយោគិនកំពុងបោះជំហានចូលទៅក្នុងទីផ្សារមាស ដោយបរិមាណនៅលើផ្សារហ៊ុន Shanghai Futures Exchange បានកើនឡើងដល់កម្រិតខ្ពស់មួយ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការកើនឡើងតម្រូវការដ៏ខ្លាំងក៏បានឃើញ ធនាគារកណ្តាលចិន PBOC ដាក់ចេញនូវកូតាថ្មីមួយផងដែរ សម្រាប់ធនាគារពាណិជ្ជក្នុងស្រុកនានាដើម្បីបង្កើនការនាំចូលមាសដុំបន្ថែមទៀត៕