អាមេរិក ព្រមលក់អាវុធតម្លៃ ១,៤ពាន់លានដុល្លារឲ្យអារ៉ាប់រួម មុនដំណើរទស្សនកិច្ចលោក ត្រាំ

អន្តរជាតិ

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអនុម័តទៅលើកិច្ចព្រមព្រៀងលក់សព្វាវុធតម្លៃ ១,៤ពាន់លានដុល្លារ ទៅឲ្យប្រទេសអារ៉ាប់រួម ដោយក្នុងនោះរួមបញ្ចូលទាំងឧទ្ធម្ភាគចក្រ CH-47 Chinook ចំនួនប្រាំមួយគ្រឿង និងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា បានជូនដំណឹងដល់សភាអំពីកិច្ចព្រមព្រៀងធំៗចំនួនពីរ ដើម្បីលក់យន្តហោះ និងឧបករណ៍យោធាដែលមានតម្លៃជាង ១,៤ពាន់លានដុល្លារទៅឲ្យប្រទេសអារ៉ាប់រួម (UAE) ពោលគឺមុនពេលប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់តំបន់មជ្ឈិមបូព៌ា។

យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បានបង្ហាញឲ្យដឹងថា សម្រាប់កិច្ចព្រមព្រៀងទី១ មានតម្លៃប្រមាណ ១,៣២ពាន់លានដុល្លារ ដោយក្នុងនោះរួមបញ្ចូលទាំងឧទ្ធម្ភាគចក្រ CH-47F Block II Chinook ចំនួនប្រាំមួយគ្រឿង រួមជាមួយឧបករណ៍ជំនួយជាច្រើនដូចជាម៉ាស៊ីន ប្រព័ន្ធព្រមានមីស៊ីល កាំភ្លើងយន្ត និងឧបករណ៍ចាក់ប្រេងពីលើអាកាស។

ទន្ទឹមនឹងនេះ ចំពោះកិច្ចព្រមព្រៀងទី២ ដែល​មាន​តម្លៃ ១៣០​លាន​ដុល្លារ នឹងរួម​បញ្ចូល​ទាំង​ការ​ថែទាំ និង​គ្រឿងបន្លាស់​សម្រាប់​យន្តហោះ​ចម្បាំង F-16 ផងដែរ។ DSCA បាននិយាយថា កិច្ចព្រមព្រៀងធំៗទាំង២ នេះ នឹងគាំទ្រគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការបង្កើនសមត្ថភាពការពាររបស់អារ៉ាប់រួម ដែលជាដៃគូសំខាន់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅមជ្ឈិមបូព៌ា។

ជម្រាបជូនថា ការប្រកាសនេះបានធ្វើឡើងនៅពេលដែលលោក ត្រាំ គ្រោងនឹងចាកចេញទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងអាណត្តិទីពីរនេះ ដោយនឹងត្រូវចុះសំចតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម៕