រដ្ឋាភិបាលប្រទេសជប៉ុន គ្រោងនឹងបង្កើនគោលដៅទាក់ទាញវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួន ចំនួន ២០% ពោលគឺស្មើទៅនឹងទឹកប្រាក់រហូតដល់ទៅ ១៥០ទ្រីលានយ៉េន (១,០៥ទ្រីលានដុល្លារ) នៅត្រឹមពាក់កណ្តាលឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញគោលដៅចុងក្រោយនេះ គឺបានកើនឡើងស្ទើតែបីដងនៃកម្រិតនៃការវិនិយោគផ្ទាល់ពីបរទេស នាពេលបច្ចុប្បន្ន ដែលមានចំនួនប្រហែល ៥០ទ្រីលានយ៉េន។ ក្នុងនោះ រដ្ឋាភិបាលជប៉ុន បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅដ៏ធំនេះ ប្រទេសរបស់ខ្លួនចាំបាច់ត្រូវតែធ្វើឲ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ ដោយបន្តការទាក់ទាញក្រុមហ៊ុនបរទេសធំៗ ឲ្យចាក់បញ្ចូលលុយទៅក្នុងវិស័យកំណើនសំខាន់ៗ ជាច្រើន។
គួរឲ្យដឹងថា ចំពោះគោលដៅថ្មី ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងគោលការណ៍ណែនាំគោលនយោបាយសារពើពន្ធ និងសេដ្ឋកិច្ចនាពេលខាងមុខរបស់រដ្ឋាភិបាល ក្នុងខែមិថុនា តំណាងឲ្យការកើនឡើងយ៉ាងខ្លាំងពីគោលដៅមុន ដែលចង់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឲ្យបាន ១០០ទ្រីលានយ៉េននៅឆ្នាំ២០៣០។
ជម្រាបជូនផងដែរថា រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណាលើការប្រើប្រាស់ជំនួយថ្មី និងការពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីគាំទ្រដល់ការបង្កើតឱកាសវិនិយោគរបស់ក្រុមហ៊ុនបរទេស នៅក្នុងតំបន់ ផងដែរ៕