មហាសេដ្ឋីមានដាច់គេរបស់វៀតណាម លោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup បានផ្តល់ជំនួយដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ក្នុងចំនួនទឹកប្រាក់ ២០,៥ទ្រីលានដុង (៧៩០លានដុល្លារ) នៅចន្លោះខែវិច្ឆិកា ដល់ខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា កញ្ចប់ជំនួយនេះ គឺជាផ្នែកមួយនៃការសន្យារបស់លោក Vuong កាលពីឆ្នាំមុន ដែលគ្រោងនឹងផ្តល់ជូនទៅកាន់ក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងចំនួនទឹកប្រាក់សរុបដល់ទៅ ៥០ទ្រីលានដុង។
មិនតែប៉ុណ្ណោះ ក្រៅតែពីជំនួយពីលោក Vuong ដែលជាប្រធានក្រុមហ៊ុននោះ VinFast ក៏ទទួលបានប្រាក់កម្ចីចំនួន ៣០,៥៧ទ្រីលានដុងបន្ថែមទៀតពីក្រុមហ៊ុន VinGroup ផងដែរ ក្នុងរយ:ពេល ៦ខែចុងក្រោយ។
ជម្រាបជូនផងដែរថា VinFast បានរាយការណ៍ពីតម្រូវការដ៏រឹងមាំសម្រាប់ត្រីមាសទី១ ដោយប្រាក់ចំណូលរបស់ខ្លួន បានកើនឡើង ១៥០% ដល់ចំនួន ១៦,៣១ទ្រីលានដុង បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ ក្រុមហ៊ុនបានរាយការណ៍ទៀតថា ខ្លួនបានចែកចាយរថយន្តអគ្គិសនីសរុបបានចំនួន ៣៦ ៣៣០ គ្រឿង ពោលគឺបានកើនឡើងជិត ៣០០% ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេក៏បានប្រកាសពីការខាតបង់សុទ្ធចំនួនជាង ១៧ទ្រីលានដុង ផងដែរ ដោយកើនឡើង ២០% ធៀបទៅនឹងឆ្នាំទៅ៕