ប្រទេសចិន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថាខ្លួននឹងចរចា ដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយទ្វីបអាហ្វ្រិក ក្នុងការលុបចោលនូវរនាំងពន្ធគយទាំងអស់ លើប្រទេសជាសមាជិកចំនួន៥៣ ដែលខ្លួនមានទំនាក់ទំនងការទូតជាមួយ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មបន្ថែម និងផ្តល់ផលប្រយោជន៍ដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា ចិន មានបំណងផ្តល់ឱកាសសម្រាប់ប្រទេសអភិវឌ្ឍតិចតួច (LDCs) និងរួមទាំងប្រទេសជាច្រើនផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីនាំចូលទំនិញ មកកាន់ទីផ្សាររបស់ខ្លួន ដោយពុំចាំបាច់ត្រូវបង់ពន្ធ និងកូតាសេរី។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិន បាននិយាយបន្ទាប់ពីមានកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ចិន ជាមួយរដ្ឋមន្ត្រីការបរទេសអាហ្រ្វិក នៅទីក្រុង Changsha ថា៖” ប្រទេសចិន បានត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីស្វាគមន៍ផលិតផផលដែលមានគុណភាពខ្ពស់ ពីទ្វីបអាហ្រ្វិក ទៅកាន់ទីផ្សាររបស់ខ្លួន”។
មិនតែប៉ុណ្ណោះ លោក Hannah Ry.der ស្ថាបនិកក្រុមហ៊ុន Development Reimagined ដែលជាក្រុមហ៊ុនប្រឹក្សាដែលផ្តោតលើផ្សារទ្វីបអាហ្រ្វិក បាននិយាយថា ៖” ក្រោមកិច្ចព្រមព្រៀងនេះ វានឹងអនុញ្ញាតឲ្យប្រទេសដែលមានប្រាក់ចំណូលមធ្យមដូចជាកេនយ៉ា អាហ្វ្រិកខាងត្បូង នីហ្សេរីយ៉ា អេហ្ស៊ីប និងម៉ារ៉ុក អាចនាំចូលទំនិញចូលទៅក្នុងទីផ្សារប្រទេសចិនបាន ដោយពុំចាំបាច់ត្រូវបង់ពន្ធ”។
ពាណិជ្ជកម្មរវាងចិន និងអាហ្រ្វិកមានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបាមមើលឃើញពីអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន កើនឡើងដល់ ៦២ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ជម្រាបជូនថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានសន្យាផ្តល់ជំនួយចំនួន ៣៦០ពាន់លានយ៉ន់ (៥០ពាន់លានដុល្លារ) ដល់សេដ្ឋកិច្ចរបស់ទ្វីបអាហ្វ្រិក ក្នុងរយៈពេល ៣ឆ្នាំសម្រាប់ប្រើប្រាស់ជាកម្ចី និងការវិនិយោគ៕