ធនាគារពិភពលោក កាលពីពេលថ្មីៗនេះ បានទម្លាក់ការព្យាករកំណើនរបស់ខ្លួន សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសថៃ ថានឹងអាចសម្រេចបានត្រឹម ១,៨% ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៥ នេះ ពោលគឺបានធ្លាក់ចុះអស់ ១,១% ដោយសារតែស្ថានភាពសេដ្ឋកិច្ចកាន់តែខ្សោយចំពេលមានភាពមិនប្រាដកប្រជាជាសកល។
យោងតាមរបាយការណ៍របស់សារព័ត៌មាន CNBC បង្ហាញពីទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ធនាគារពិភពលោក ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងរងផលប៉ះពាល់ដោយភាពមិនប្រាកដប្រជាជាសកល ដែលកំពុងប៉ះពាល់ដល់ទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (EMDEs) រួមទាំងប្រទេសថៃ ផងដែរ។ ហើយមិនតែប៉ុណ្ណោះ សកម្មភាពសេដ្ឋកិច្ចរបស់ថៃ ក៏កំពុងត្រូវបានរំខានដោយគ្រោះធម្មជាតិ ដូចជាការរញ្ជួយដីជាដើម។
ដោយឡែក សម្រាប់សេដ្ឋកិច្ចពិភពលោក ធនាគារពិភពលោក ក៏បានព្យាករថានឹងថយចុះមកត្រឹម ២,៣% សម្រាប់ឆ្នាំ២០២៥ នេះ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម ដែលជាកំណើនយឺតបំផុតក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០០៨មក។ អត្រានេះគឺបានបង្ហាញពីការថយចុះពីការព្យាករពីមុនរបស់ខ្លួន ពីចំនួន ២,៧% ៕