YU7 រថយន្ត EV ថ្មីរបស់ Xiaomi ទទួលបានការបញ្ជាទិញជិត ៣ សែនគ្រឿង ត្រឹមមួយម៉ោងដំបូង

អន្តរជាតិ

ក្រុមហ៊ុន Xiaomi ថ្មីៗនេះ ហាក់ទទួលបានភាពជោគជ័យថ្មីមួយ បន្ទាប់ពីរថយន្តស្ព័រអគ្គិសនី YU7 ថ្មីរបស់ខ្លួន ទទួលបានការបញ្ជាទិញយ៉ាងច្រើនលើសពីការរំពឹងទុក ពោលគឹត្រឹមតែមួយម៉ោងដំបូង ក្រោយម៉ូដែលថ្មីនេះ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្ត EV និងស្មាតហ្វូនលំដាប់កំពូលរបស់ប្រទេសចិន Xiaomi កាលពីថ្ងៃទី២៦ ខែមិថុនា បានកំណត់តម្លៃរថយន្ត YU7 SUV ថ្មីរបស់ខ្លួន ចាប់ពី ២៥៣ ៥០០ យ៉ន់ (៣៥ ៣៦៤ដុល្លារ) ដែលជាតម្លៃទាបជាង ៤% បើធៀបទៅនឹងរថយន្តអគ្គិសនី Model Y របស់ក្រុមហ៊ុនយក្សអាមេរិក Tesla។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Xiaomi បាននិយាយថា YU7 ទទួលបានការបញ្ជាទិញរហូតដល់ទៅ ២៨៩ ០០០ គ្រឿង ឯណោះ ក្នុងរយ:ពេលត្រឹមតែមួយម៉ោងដំបូង នៃការដាក់លក់។ ចំនួននេះគឺច្រើនជាងបីដង បើធៀបទៅនឹងកម្រិតដែលអាចសម្រេចបាន សម្រាប់រថយន្ត EV ដំបូងរបស់ក្រុមហ៊ុន គឺ SU7 ដែលត្រូវបានប្រកាសដាក់លក់ កាលពីខែមីនា ឆ្នាំមុន។

ទន្ទឹមនឹងនេះ បើតាមអ្នកវិភាគមកពីស្ថាប័ន Jefferies បាននិយាយថារថយន្តអគ្គិសនី YU7 នេះ ទំនងជាអាចយកចំណែកទីផ្សារពីរថយន្តអគ្គិសនី Model Y ដែលជាប្រភេទ SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ដូចដែលក្រុមហ៊ុន Xiaomi បានកំណត់គោលដៅទុក ដោយសារតម្លៃរបស់ YU7 គឺទាបជាង Tesla Model Y បន្តិច ប៉ុន្តែវាផ្តល់នូវលក្ខណៈពិសេស និងដំណើរការល្អជាង។

ជម្រាបជូនផងដែរថា ក្រោយការប្រកាសដាក់លក់ YU7 នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានហក់ឡើងដល់ ៨% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ៕