Lexus ចាប់ផ្តើមអុកឡុកទីផ្សារប្រទេសចិន ដោយសង់រោងចក្រផលិតរថយន្តថាមពលថ្មី ប្រជែង Tesla 

អន្តរជាតិ

ក្រុមហ៊ុន Lexus កាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅ បានបើកការដ្ឋានជាផ្លូវការលើការសាងសង់រោងចក្រផលិតរថយន្តថាមពលថ្មីរបស់ខ្លួនក្នុងសង្កាត់ Jinshan នៃទីក្រុងសៀងហៃ ដែលត្រូវបានចាត់ទុកថាជាការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តបរទេសដ៏ធំបំផុតទីពីរ នៅក្នុងតំបន់នេះ បន្ទាប់ពី Tesla។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CarNewChina។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងសាងសង់រោងចក្រផលិតរថយន្តថាមពលថ្មីរបស់ Lexus ដែលមានទីតាំងនៅក្នុងតំបន់បច្ចេកវិទ្យាកម្រិតខ្ពស់ Shanghai Bay ដែលស្ថិតនៅក្នុងសង្កាត់ Jinshan នេះ គ្រោងនឹងបញ្ចប់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៦ ដោយការផលិតត្រូវបានគេរំពឹងទុកថានឹងចាប់ផ្តើម នៅដើមឆ្នាំ២០២៧។ រោងចក្រថ្មីនេះ ត្រូវបានគេរាយការណ៍ទៀតថា មានសមត្ថភាពផលិតប្រចាំឆ្នាំដល់ ១០០ ០០០​ គ្រឿង។ 

គួរឲ្យដឹងថា ក្រុមហ៊ុន Lexus (Shanghai) New Energy មានដើមទុនចុះបញ្ជីសរុបចំនួន ១០៧,១ពាន់លានយ៉េន (៧៤០លានដុល្លារ) ដោយរោងចក្រថ្មីរបស់ខ្លួននេះ នឹងគ្រប់ដណ្តប់នៅលើផ្ទៃដីសរុបប្រមាណ ១,១៣ លានម៉ែត្រការ៉េ ដែលមានទំហំធំជាងរោងចក្ររបស់ក្រុមហ៊ុនផលិតររថយន្ត EV ខ្នាតយក្សអាមេរិក Tesla នៅ Shanghai ដែលមានទំហំត្រឹម ៨៦០ ០០០ម៉ែត្រការ៉េ។ 

គួរឲ្យដឹងផងដែរថា វេលានៃគម្រោងដ៏ធំរបស់ Lexus នេះ មានភាពស្រដៀងគ្នាទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន​ Tesla នៅក្នុងទីក្រុងសៀងហៃដែរ។ Tesla បានចាប់ផ្តើមដំណើរការរោងចក្រ Shanghhai Gigafactory ដំបូងរបស់ខ្លួន នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ហើយបានចែកចាយរថយន្ត Model 3 ដំបូងបង្អស់របស់ខ្លួនដែលប្រទេសនៅក្នុងប្រទេសចិន នៅពេលតិចជាងមួយឆ្នាំក្រោយប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ 

តាមរយ:ការវិនិយោគនេះ Toyota ដែលជាក្រុមហ៊ុនមេគ្រប់គ្រងលើម៉ូដែលប្រណីត Lexus នេះ​ មានគោលបំណងធំក្នុងការពន្លឿនការផ្លាស់ប្តូរអគ្គិសនី និងឆ្លាតវៃរបស់ខ្លួន ដោយអភិវឌ្ឍម៉ាកយីហោរថយន្តអគ្គិសនីឲ្យកាន់តែប្រសើរឡើង សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តជាតិ សម្រាប់ប្រទេសចិន។ 

ជម្រាបជូនផងដែរថា រោងចក្រ Lexus Shanghai គឺជារោងចក្រផលិតរថយន្តដែលគ្រប់គ្រងដោយក្រុមហ៊ុនបរទេស ១០០% ទីពីររបស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk។ តាមរយ:ការបំបែកចេញពីច្បាប់ចាស់ ក្រុមហ៊ុនបរទេស ចាំបាច់ត្រូវតែចាប់ដៃ​សហការ​ជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីអាចផលិតរថយន្ត នៅក្នុងប្រទេសចិនបាន។ ហើយតាមរយ:ការផ្តល់ការគាំទ្រជាពិសេសពីសំណាក់អាជ្ញាធរក្នុងតំបន់ សម្រាប់គម្រោងរបស់ Lexus វាត្រូវបានគេប៉ាន់ស្មានថា រោងចក្ររបស់ក្រុមហ៊ុនខា្នតយក្សជប៉ុន អាចនឹងបើកដំណើរការលឿនជាងកាលកំណត់ បើទោះបីជាគម្រោងរំពឹងថានឹងត្រូវបញ្ចប់ នៅក្នុងឆ្នាំ២០២៧ ក្តី៕