នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានរិះគន់ចំៗទៅលើពាណិជ្ជករប្រេងនៅក្នុងប្រទេស ចំពោះការកេងចំណេញហួសហេតុពេក និងថែមទាំងបានស្តីបន្ទោសដល់ក្រុមហ៊ុនស្តុកប្រេងឥន្ធនៈ ឬអ្នករត់ពន្ធប្រេងទៅក្រៅ ចំពោះកង្វះខាតក្នុងស្រុកដែលបានជំរុញឲ្យតម្លៃកើនឡើងជាលំដាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក អនុទីន បានមានប្រសាសន៍ថា ៖”អាជ្ញាធរបានរកឃើញករណីស្តុកប្រេងឥន្ធនៈ និងការរត់ពន្ធសម្រាប់លក់នៅក្នុងប្រទេសជិតខាង”។ ដោយបន្ថែមទៀតថាបញ្ហានេះបានធ្វើឱ្យរដ្ឋាភិបាលខាតបង់ថវិកាចំនួន ៥០ពាន់លានបាត (១,៤ពាន់លានដុល្លារ)។
មិនតែប៉ុណ្ណោះ លោក អនុទីន បានហៅសកម្មភាពទាំងនេះ ថាជាការកេងចំណេញហួសហេតុ ចំពេលកំពុងមានការកើនឡើងនៃតម្លៃប្រេង ក្នុងអំឡុងពេលមានវិបត្តិថាមពលពិភពលោក។
យ៉ាងណាមិញ ភស្តុតាងនៃការស្តុកទុក និងការកេងចំណេញក្នុងចំណោមពាណិជ្ជករប្រេងខ្នាតធំ និងមធ្យម ត្រូវបានរកឃើញទាំងនៅលើដី និងនៅលើសមុទ្រ។ ទន្ទឹមនឹងនេះ លោក Rutthaphon Naowarat រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ប្រេងឥន្ធនៈជាង ៥៧ លានលីត្រ ត្រូវបានរាយការណ៍ថាបានបាត់ ក្នុងអំឡុងពេលដឹកជញ្ជូនតាមសមុទ្រ នៅភាគខាងត្បូងប្រទេសថៃ។
ជម្រាបជូនថា សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ បានបណ្តាលឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន និងការប្រែប្រួលតម្លៃនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន៕

