Elon Musk របូតលុយអស់ជាង​ ១០ពាន់លានដុល្លារ​ គ្រាន់តែ ត្រាំ គំរាមផ្តាច់ជំនួយឧបត្ថម្ភ

អន្តរជាតិ

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ​ បានធ្វើការគំរាមជាថ្មី​ ទៅលើការកាត់ផ្តាច់កិច្ចសន្យាជាមួយក្រុមហ៊ុនរបស់លោក Elon Musk បានធ្វើឲ្យក្រុមហ៊ុន Tesla ធ្លាក់ចុះជាង ៥%​ ភ្លាមៗ​ ដែលអូសទាញទម្លាក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ​ អស់រាប់ពាន់លានដុល្លារ​ ផងដែរ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា គិតត្រឹមការបិទវគ្គជួញដូរចុងក្រោយ នៅថ្ងៃទី១ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានធ្លាក់ចុះ​ ៥,៣%​ មកនៅត្រឹម ៣០០ដុល្លារ ក្នុងមួយហ៊ុន។​

ជុំវិញការស្រុតចុះនៃភាគហ៊ុននេះ​ បានបណ្តាលឲ្យទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Musk ធ្លាក់ចុះអស់ចំនួន​ ១២,១ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ហើយបើគិតតាំងពីដើមឆ្នាំមក ទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះអស់ចំនួនសរុបប្រហែល ៨២ពាន់លានដុល្លារ​ មកនៅត្រឹមតែ ៣៥១ពាន់លានដុល្លារ ប៉ុណ្ណោះ។​

គួរឲ្យដឹងថា ភាគហ៊ុន Tesla បានធ្លាក់ចុះនៅពេលដែលទំនាក់ទំនងរបស់ Musk ជាមួយប្រធានាធិបតីអាមេរិក ត្រាំ កាន់តែតានតឹងម្តងទៀត បន្ទាប់ពីមហាសេដ្ឋីអាមេរិក បន្តរិះគន់ចំៗទៅលើផែនការចំណាយដ៏ច្រើនរបស់រដ្ឋបាលលោក ត្រាំ​។​

យ៉ាងណាមិញ​ ជុំវិញការរិះគន់នេះ​ បានធ្វើឲ្យលោក ត្រាំ​ ចេញមុខឆ្លើយតបវិញ​ដោយបានគំរាមកាត់ផ្តាច់ជំនួយឧបត្ថម្ភ និងកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារ​ជាមួយរដ្ឋាភិបាលអាមេរិក​ សម្រាប់ក្រុមហ៊ុនរបស់លោក Musk ៕​