សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងយកពន្ធគយ ៣៦% លើផលិតកម្ពុជាទាំងអស់ដែលនាំចូលទៅកាន់ទីផ្សារអាមេរិក ចាប់ពីថ្ងៃទី១ ខែសីហាតទៅ ខណ:អត្រាពន្ធគយថ្មីនេះ ត្រូវបានកាត់បន្ថយជាច្រើន បើធៀបទៅនឹងកម្រិត ៤៩% ដែលត្រូវបានដាក់ កាលពីដើមខែមេសាកន្លងទៅ។

តាមរយ:ការបង្ហោះនៅលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបង្ហោះលិខិតបញ្ជាក់ពីការពន្ធគយថ្មីលើបណ្តាប្រទេសមួយចំនួន ដោយក្នុងនោះក៏រួមមានកម្ពុជាផងដែរ។ នៅក្នុងលិខិតនោះ លោក ត្រាំ បានលើកឡើងថាវិធានការពន្ធគយថ្មីចុងក្រោយនេះ គឺជារឿងចាំបាច់ ដើម្បីកែតម្រូវនូវអ្វីដែលលោកហៅថា អតុល្យភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតី លោកបានបញ្ជាក់នៅក្នុងលខិតនោះទៀតថា ៖” ទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក ជាមួយប្រទេសកម្ពុជាគឺស្តិនៅឆ្ងាយណាស់ ពីការដាក់ពន្ធគយទៅវិញទៅមកនេះ។ ចាប់ពីថ្ងៃទី១ ទីសីហា តទៅ យើងនឹងគិតពន្ធលើទំនិញកម្ពុជាចំនួន ៣៦% លើគ្រប់ផលិតផលទាំងអស់របស់កម្ពុជា ដែលបញ្ជូនទៅសហរដ្ឋអាមេរិក”។
ទន្ទឹមនឹងនេះ នៅក្នុងលិខិតនោះ លោក ត្រាំ ក៏បានក្រើនរំឭកកម្ពុជាផងដែរថា កុំឲ្យមានការប៉ុនប៉ងដាក់ពន្ធទៅលើសហរដ្ឋអាមេរិកវិញ ហើយរាល់ទំនិញកម្ពុជាដែលដឹកជញ្ជូនតាមប្រទេសទីបី នឹងត្រូវរងនូវការជាប់ពន្ធគយកាន់តែខ្ពស់ ដូចដែលត្រូវបានអនុវត្តនេះ ផងដែរ។
នៅក្នុងបណ្តាប្រទេសតំបន់អាស៊ានផ្សេងទៀត ដូចឡាវ និងមីយ៉ាន់ម៉ា នឹងត្រូវរងនូវពន្ធគយ ៤០% , ម៉ាឡេស៊ី ២៥% , ថៃ រងពន្ធ ៣៦% និងឥណ្ឌូណេស៊ី នឹងត្រូវរងពន្ធគយ ៣២%។
ជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក ម៉ោង ៤រសៀលនេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕

