ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានព្រមានថា ប្រទេសណាមួយដែលសម្របខ្លួនទៅនឹងគោលនយោបាយរបស់ក្រុមប្រទេស BRICS ដែលប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក នឹងត្រូវរងការដាក់ពន្ធបន្ថែម ១០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ប្រធានាធិបតី លោក ត្រាំ បានសរសេរសារមួយបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖” ប្រទេសណាមួយ ដែលសម្របខ្លួនជាមួយនឹងគោលនយោបាយប្រឆាំងអាមេរិក របស់ប្លុក BRICS នឹងត្រូវគិតពន្ធ ១០% បន្ថែម។ វានឹងគ្មានការលើកលែងចំពោះគោលនយោបាយនេះ នោះឡើយ”។
គួរឲ្យដឹងផងដែរថា លោក ត្រាំ បានបង្ហាញការិះគន់ទៅលើប្លុក BRICS ជាយូរណាស់មកហើយ ដែលមានប្រទេសជាសមាជិកស្ថាបនិកសំខាន់ៗ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលតែងតែបង្ហាញការប្រឆាំងទៅនឹងផែនការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ជុំវិញការព្រមានរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើង ស្របពេលពេលដែលក្រុមប្រទេស BRICS ដែលមានសមាជិកភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍ បានជួបប្រជុំគ្នារយ:ពេល ២ថ្ងៃ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ពោលគឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។
ជម្រាបជូនថា សហរដ្ឋអាមេរិក បានកំណត់ថ្ងៃផុតកំណត់នៅត្រឹមថ្ងៃទី៩ ខែកក្កដា ដើម្បីចាប់ផ្តើមវិធានការពន្ធគយខ្ពស់របស់ខ្លួនឡើងវិញ។ ប៉ុន្តែក្រោយមក រដ្ឋបាលរបស់លោក ត្រាំ បានសម្រេចបន្តពន្យារពេល ដោយការយកពន្ធគយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា វិញ។ លោក ត្រាំ បាននិយាយថាលោកនឹងផ្ញើលិខិតទៅកាន់ប្រទេសនានា ដើម្បីប្រាប់ពួកគេថាតើអត្រាពន្ធនឹងទៅជាយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងណាមួយ មិនត្រូវបានធ្វើឡើងទេនោះ៕

