មកស្គាល់មហាសេដ្ឋីតែម្នាក់គត់របស់នេប៉ាល់ កាន់ក្រុមហ៊ុនជាង ១០០ ក្តាប់ទ្រព្យសរុបជិត ២ពាន់លានដុល្លារ

អន្តរជាតិ

លោក Binod Chaudhary ត្រូវបានចាត់ទុកថាជាមហាសេដ្ឋីតែម្នាក់គត់របស់ប្រទេសនេប៉ាល់ ដែលមានអាណាចក្រអាជីវកម្មដ៏ធំបំផុតមួយ គ្រប់គ្រងទៅលើក្រុមហ៊ុនសរុបចំនួន ១៣៦ នៅក្នុងចំណោមឧស្សាហកម្មធំៗជាង ១៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chaudhary គឺជាប្រធានក្រុមហ៊ុន Chaudhary Group (CG Corp Global) ដែលរកស៊ីទៅអាជីវកម្មជាច្រើន រាប់ចាប់តាំងពីធនាគារ បដិសណ្ឋារកិច្ច ទំនិញប្រើប្រាស់ រហូតដល់វិស័យថាមពល​​ ការអប់រំ និងសេវាថែទាំងសុខភាព។

ក្នុងចំណោមម៉ាកយីហោធំៗបំផុតរបស់លោក Chaudhary គឺប្រេនមី ‘Wai Wai’ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និង Nabil ដែលជាធនាគារធំបំផុតមួយរបស់ប្រទេសនេប៉ាល់។ បន្ថែមពីនេះ Chaudhary Group របស់លោក ក៏គ្រប់គ្រងទៅលើសណ្ឋាគារសរុបចំនួន ១៤៣ រួមទាំងសណ្ឋាគារលំដាប់ផ្កាយ ៥ ជាច្រើនផ្សេងទៀត ដែលដំណើរការឡើង ដោយមានការសហការជាមួយបណ្តាញសណ្ឋាគារ Taj របស់ប្រទេសឥណ្ឌា ផងដែរ។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា គិតនៅត្រឹមឆ្នាំ២០២៣ ទ្រព្យសម្បត្តិសរុបរបស់លោក Chaudhary មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារ។ ហើយបើទោះបីជាចំនួនទ្រព្យសម្បត្តិនេះ ហាក់មានកម្រិតតិចតួចខ្លាំង បើធៀបទោនឹងមហាសេដ្ឋីពិភពលោក ដូចជា Elon Musk ឬកំពូលអ្នកមានរបស់ឥណ្ឌា Mukesh Ambani ក៏ដោយ ប៉ុន្តែលោក Chaudhary នៅតែចាត់ទុកជាមហាសេដ្ឋីតែម្នាក់គត់ របស់ប្រទេសនេប៉ាល់។

ជម្រាបជូនផងដែរថា លោក Chaudhary បច្ចុប្បន្ននេះ ហាក់កំពុងងាកទៅប្រឡូកនៅក្នុងឆាកនយោបាយវិញ ដោយមានតំណែងជាសមាជិកសភាម្នាក់របស់ប្រទេសនេប៉ាល់។ នៅក្នុងវ័យ ៦៩ឆ្នាំ​ លោក Chaudhary បានប្រកាសប្រគល់នូវអំណាចគ្រប់គ្រងអាណាចក្រជំនួញរបស់ខ្លួនទាំងអស់ ទៅឲ្យកូនៗទាំងបី ដូចជា Nirvana, Rahul និង Varun កាន់កាប់ជំនួសវិញ៕