ក្រុមហ៊ុនផលិតបន្ទះសូឡាជាច្រើនរបស់សហរដ្ឋអាមេរិក បានស្នើឲ្យក្រសួងពាណិជ្ជកម្ម ដាក់ពន្ធគយខ្ពស់ ដើម្បីប្រឆាំងទៅនឹងការលក់បង្ខូចតម្លៃ ក៏ដូចជាប្រឆាំងទៅលើការនាំចូលបន្ទះសូឡាថោកៗ ពីប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា ឡាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការការញត្តិស្នើសុំនេះ ត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់ឧស្សាហកម្មផលិតបន្ទះសូឡាខ្នាតតូចរបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការបន្ធូរបន្ថយសម្ពាធពាណិជ្ជកម្ម ក្នុងការការពារការវិនិយោគរាប់ពាន់លានដុល្លារ និងប្រកួតប្រជែងជាមួយនឹងទំនិញតម្លៃថោកៗ ដែលផលិតភាគច្រើនដោយក្រុមហ៊ុនចិន នៅបរទេស។
គួរឲ្យដឹងថា ក្រុមសម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មថាមពលព្រះអាទិត្យរបស់អាមេរិក ដែលបានដាក់ញត្តិស្នើសុំនោះ រួមមានក្រុមហ៊ុន First Solar, Hanwha’s Qcells, Talon PV និង Mission Solar។ កន្លងមកក្រុមនេះ ធ្លាប់បានទទួលជោគជ័យរួចម្តងហើយ ពីការស្នើឲ្យមានការដាក់ពន្ធគយខ្ពស់លើការនាំចូលបន្ទះសូឡា ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ។
ជម្រាបជូនផងដែរថា ចាប់តាំងពីវិធានការពន្ធលើការនាំចូលបន្ទះសូឡា ពីប្រទេសក្នុងតំបន់អាស៊ាន ត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ បានធ្វើឲ្យក្រុមអ្នកផលិតបន្ទះសូឡាធំៗរបស់ពិភពលោកមួយចំនូួន ងាកទៅរកការដាក់ទីតាំងផលិតកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងឡាវ វិញ។ ក្រុមសម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មថាមពលព្រះអាទិត្យអាមេរិក ក៏បានចោទប្រកាន់ក្រុមហ៊ុនផលិតរបស់ឥណ្ឌាផងដែរ ពីការធ្វើឲ្យជន់ជោរនូវបន្ទះសូឡាតម្លៃថោកៗ នៅក្នុងសហរដ្ឋអាមេរិក ៕

