លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី ក្នុងខែតុលាខាងមុខ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីការចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងខែតុលាខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bernama។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងអំឡុងការធ្វើបទបង្ហាញនៃផែនការម៉ាឡេស៊ីលើកទី១៣ (RMK13) ក្នុងសភា​ នៅថ្ងៃទី៣១ ខែកក្កដានេះ។

គួរឲ្យដឹងផងដែរថា ដំណឹងនេះ ត្រូវបានកើតឡើងបន្ទាប់ពីមានការអញ្ជើញជាផ្លូវការ ទៅកាន់លោក ត្រាំ តាមរយ:រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងអំឡុងដំណើរទស្សនកិច្ចសម្តែងការគួរសម នៅការិយាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ។

រំឮកថា លោក Rubio ដែលបានមកកាន់ទីក្រុងកូឡាឡាំពួរ នៅក្នុងខែនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ ក្រោមការដឹកនាំរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៥ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការយ៉ាងសកម្មដើម្បីបញ្ចប់កាលបរិច្ឆេទសមស្របមួយ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ប្រទេសម៉ាឡេស៊ី ក្នុងពេលខាងមុខ។

ជម្រាបជូនផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១៣ គ្រោងនឹងប្រព្រឹត្តិទៅ ស្របពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាខែតុលា ខាងមុខនេះផងដែរ៕​