ឱនភាពពាណិជ្ជកម្មអាមេរិក ថយចុះមកនៅជាង ៦០ពាន់លានដុល្លារ ដោយពន្ធគយត្រាំ

អន្តរជាតិ

ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានចុះយ៉ាងខ្លាំងនៅក្នុងខែមិថុនាកន្លងទៅ ដោយសារតែការធ្លាក់ចុះនៃការនាំចូលទំនិញប្រើប្រាស់ ខណ:ពន្ធគយខ្ពស់របស់ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ បានធ្វើឲ្យប៉ះពាល់ដល់ដៃពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការិយាល័យវិភាគសេដ្ឋកិច្ចរបស់នាយកដ្ឋានពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារថា ឱនភាពពាណិជ្ជកម្មដែលជាគម្លាតរវាងទំនិញនាំចេញ​ និងនាំចូល បានថយចុះ ១៦% នៅក្នុងខែមិថុនា មកនៅត្រឹម ៦០,២ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មក។

ប្រភពដដែលបានបន្ថែមទៀតថា ការនាំចេញទំនិញ និងសេវាកម្មសរុបរបស់អាមេរិក មានចំនួន ២៧៧,៣ពាន់លានដុល្លារ ធ្លាក់ចុះពីចំនួនជាង ២៧៨ពាន់លានុដល្លារ ក្នុងខែឧសភា​ ខណ:ការនាំចូលសរុបមានចំនួន ៣៣៧,៥ពាន់លានដុល្លារ ធ្លាក់ចុះពីចំនួន ៣៥០,៣ពាន់លានដុល្លារ។

ជម្រាបជូនថា កាលពីសប្តាហ៍មុនលោក ត្រាំ ជូនដំណឹងដល់ដៃគូពាណិជ្ជកម្មជាច្រើនអំពីពន្ធនាំចូលខ្ពស់ដែលត្រូវបានកំណត់លើការនាំចេញទំនិញរបស់ពួកគេ ទៅកាន់សហរដ្ឋអាមេរិក។ ជាមួយនឹងអត្រាពន្ធចាប់ពី ១០% ដល់ ៤១% លើការនាំចូលទៅកាន់សហរដ្ឋអាមេរិកដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែសីហា របាយការណ៍ពីស្ថាប័ន Yale ឥឡូវនេះបានប៉ាន់ប្រមាណថា អត្រាពន្ធសរុបជាមធ្យមរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់ ១៨,៣% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៣៤ មក ដែលកាលនោះមានអត្រាចន្លោះត្រឹមតែ​ ២%​ ទៅ ៣% ប៉ុណ្ណោះ៕​