ឥណ្ឌូណេស៊ី និងនូវែលហ្សេឡង់ ដាក់គោលដៅបង្កើនពាណិជ្ជកម្មទេ្វភាគី ដល់ ៣,៦ពាន់លានដុល្លារ នៅឆ្នាំ២០២៩

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី និងនូវែលហ្សេឡង់ ថ្មីៗនេះ បានបង្ហាញពីគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី ឲ្យដល់ចំនួន ៣,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៩ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Antara News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយកាលពីថ្ងៃទី៨ ខែសីហាកន្លងទៅថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគូសបញ្ជាក់ នៅក្នុងផែនការសកម្មភាពដៃគូគ្រប់ជ្រុងជ្រោយឥណ្ឌូណេស៊ី-នូវែលហ្សេឡង់ ឆ្នាំ២០២៥-២០២៩។

លោក Hartarto បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មស្ថិតនៅក្នុងចំណោមប្រធានបទដែលបានពិភាក្សាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងការវិនិយោគនូវែលហ្សេឡង់ លោក Todd McClay ក្នុងអំឡុងកិច្ចប្រជុំនាពេលថ្មីៗនេះ។

ក្នុងអំឡុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីប្រទេសទាំងពីរ បានលើកឡើងពីសារៈសំខាន់នៃការដោះស្រាយបញ្ហាជុំវិញផលិតផលសាកវប្បកម្ម សត្វ និងការនាំចូលផលិតផលសត្វ ដែលបច្ចុប្បន្នកំពុងត្រូវបានដោះស្រាយនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

លោក Hartarto បានបន្ថែមថា តាមរយៈការដោះស្រាយបញ្ហាទាំងនេះ ឥណ្ឌូណេស៊ី និងនូវែលសេឡង់អាចផ្តោតលើគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រផ្សេងទៀត ដែលអនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែប្រសើរឡើង រវាងប្រទេសទាំងពីរ។

ជម្រាបជូនថា ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥នេះ សម្រេចបាន ៩៦៣,២លានដុល្លារអាមេរិក កើនឡើង ២១,៥% បើធៀបនឹងចំនួន ៧៩២,៣លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង​ចំនួន​នេះ ការ​នាំ​ចេញ​របស់​ឥណ្ឌូណេស៊ី​ទៅ​នូវែលហ្សេឡង់​ មាន​ចំនួន​សរុប ៣៧៤,៨លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​ចំនួន ៥៨៨,៣លាន​ដុល្លារ៕