Toyota គ្រោងឈានជើងចូលទីផ្សាររថយន្ត EV របស់អាហ្វ្រិកខាងត្បូងលើកដំបូង នៅឆ្នាំក្រោយ

អន្តរជាតិ

យោងតាមនាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ បានឲ្យដឹងកាលពីថ្ងទី១៤ ខែសីហាថា ក្រុមហ៊ុន Toyota គ្រោងនឹងដាក់បង្ហាញរថយន្តអគ្គិសនីពេញលេញចំនួនបីម៉ូដែល នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅឆ្នាំ២០២៦ ដោយនឹងឈានជើងចូលទីផ្សាររថយន្ត EV របស់ប្រទេសនេះជាលើកដំបូង ដែលកំពុងមានការប្រកួតប្រជែងខ្លាំងរួចស្រាប់ទៅហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថាបច្ចុប្បន្ន Volvo កំពុងគ្រប់គ្រងការលក់រថយន្ត EV នៅអាហ្រ្វិកខាងត្បូង និងតាមពីក្រោយដោយ BWM និង Mercedes-Benz ស្របពេលក្រុមហ៊ុនផលិតរថយន្ត EV របស់ប្រទេសចិន ក៏កំពុងចាប់ផ្តើមវាយលុកទីផ្សារប្រទេសនេះ ផងដែរ។

បច្ចុប្បន្ននេះ Toyota ដាក់តែរថយន្តអគ្គិសនីកូនកាត់ Hybrid ប៉ុណ្ណោះ នៅប្រទេសអាហ្វ្រិកខាងត្បូង។ ប៉ុន្តែក្រុមហ៊ុនយក្សជប៉ុននេះ នៅតែនាំមុខគេ សម្រាប់ទីផ្សាររថយន្ត Hybrid និងPlug-in Hybrid ជាមួយចំណែក ៦៧% ក្នុងឆ្នាំ២០២៤ ជាមួយម៉ូដែល Corolla Cross របស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Toyota ប្រចាំអាហ្រ្វិកខាងត្បូង លោក Andrew Kirby បាននិយាយប្រាប់អ្នកយកព័ត៌មានថា៖”យើងកំពុងដាក់លក់រថយន្តអគ្គិសនីសុទ្ធនៅដើមឆ្នាំ២០២៦ ដូច្នេះយើងនឹងមានរថយន្តអគ្គិសនីពេញលេញថ្មីៗចំនួន ៣ ម៉ូដែល”។

ជម្រាបជូនផងដែរថា​ ទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ជប៉ុន ចិន និងអឺរ៉ុប ហាក់កំពុងងាកទៅស្វែងរកទីផ្សារថ្មីៗ ចំពេលកំពុងមានការរឹតបន្តឹងលើការនាំចូលចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក៕​