លោក Elon Musk ដែលបច្ចុប្បន្នជាមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក អាចនឹងបន្តក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេបង្អស់ ដោយសារតែកញ្ចប់លុយថ្មីទទួលបានពី Tesla ពាក់ព័ន្ធទៅនឹងភាពរីកចម្រើនរបស់ក្រុមហ៊ុន នាពេលអនាគត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញផែនការផ្តល់កញ្ចប់ថវិកាថ្មីនេះ ត្រូវបានប្រកាសឡើងដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla កាលថ្ងៃទី៥ ខែកញ្ញា ដោយនឹងផ្តល់ឲ្យនាយកប្រតិបត្តិ Elon Musk នូវកញ្ចប់លុយដោយគិតជាចំនួនភាគហ៊ុន។
លោក Musk ដែលបច្ចុប្បន្នត្រូវបានប៉ាន់ស្មានដោយសារព័ត៌មាន Forbes ដែលមានចំនួនច្រើនជាង ៤០០ពាន់លានដុល្លារនោះ អាចនឹងត្រូវបន្ថែមប្រហែល ៩០០ពាន់លានដុល្លារ ទៀត ប្រសិនបើតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Tesla កើនឡើងដល់ ៨,៥ទ្រីលានដុល្លារ ពីចំនួន ១,១ទ្រីលានដុល្លារ នាពេលបច្ចុប្បន្ន។
ជម្រាបជូនផងដែរថា កញ្ចប់ថវិកាថ្មីដែលក្រុមហ៊ុន Tesla គ្រោងផ្តល់ជូនទៅកាន់លោក Musk នេះ នឹងមានទំហំធំបំផុតក្នុងប្រវត្តិសាស្រ្តសាជីវកម្ម ជាមួយនឹងផ្តល់ជូនឲ្យលោក នូវសិទ្ធកាន់កាប់ជិត ២៩% ឯនោះនៃភាគហ៊ុនរបស់ Tesla៕

