ក្រុមហ៊ុន Google របស់ Alphabet គ្រោងនឹងបោះទុនវិនិយោគចំនួន ៥ពាន់លានអឺរ៉ូ (៥,៨២ពាន់លានដុល្លារ) ទៅក្នុងប្រទេសបែលហ្ស៊ិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលផ្ទូកទិន្នន័យរបស់ខ្លួន នៅតំបន់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃទី៨ ខែតុលាថា ខ្លួននឹងពង្រីកមជ្ឈមណ្ឌលផ្ទូកទិន្នន័យ នៅទីក្រុង St. Ghislain ដោយបន្ថែមកម្លាំងការងារពេញម៉ោងចំនួន ៣០០ នាក់ ពីលើកម្លាំងការងារដែលមានស្រាប់ចំនួន ៦០០ នាក់ ទាំងពេញម៉ោង និងជាប់កិច្ចសន្យា។
មិនតែប៉ុណ្ណោះ មូលនិធិនេះ ក៏នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការបង្កើនសមត្ថភាពរបស់ Google ក្នុងការបំពេញតម្រូវការកើនឡើង សម្រាប់ Google Cloud ផងដែរ។
ជម្រាបជូនផងដែរថា កាលពីខែមុន Google ក៏បានប្រកាសពីការវិនិយោគដ៏ធំមួយនៅក្នុងចក្រភពអង់គ្លេស ដោយសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥ពាន់លានផោន ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីផ្តល់មូលនិធិដល់បច្ចេកវិទ្យា AI ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងវិស្វកម្មនៅក្នុងប្រទេសនេះ ផងដែរ៕

