ទីបំផុត រដ្ឋាភិបាលអាមេរិក បើកដំណើរការសារជាថ្មី

អន្តរជាតិ

នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបើកដំណើរការដ្ឋាភិបាលសហព័ន្ធឡើងវិញ បន្ទាប់ពីមានការបិទទ្វារអស់រយៈពេលយូរបំផុត នៅក្នុងប្រវត្តិសាស្រ្ត រហូតដល់ទៅ ៤៣ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការបើកដំណើរការឡើងវិញនេះ ត្រូវបានកើតឡើង ក្រោយពេលសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានអនុម័តលើកញ្ចប់ចំណាយ នៅថ្ងៃទី១២ ខែវិច្ឆិកា ដោយសំឡេងគាំទ្រ ២២២ ទល់នឹង ២០៩ ពោលគឺបន្ទាប់ពីព្រឹទ្ធសភាបានអនុម័តទៅលើកញ្ចប់ចំណាយនេះផងដែរ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។

គួរឲ្យដឹងថា កញ្ចប់ចំណាយនេះនឹងផ្តល់មូលនិធិដល់ការការពារជាតិ អត្ថប្រយោជន៍អតីតយុទ្ធជន កម្មវិធីក្រសួងកសិកម្ម និងប្រតិបត្តិការរបស់សភារហូតដល់ពាក់កណ្តាលឆ្នាំក្រោយ ខណៈកញ្ចប់ចំណាយផ្សេងទៀតរបស់រដ្ឋាភិបាលដែលនៅសល់នឹងនៅតែបន្តដំណើរការរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦។

ជម្រាបជូនផងដែរថា បន្ទាប់ពីបានចុះហត្ថលេខាលើច្បាប់ក្នុងការបើកដំណើរការរដ្ឋាភិបាលឡើងវិញ លោក ត្រាំ បាននិយាយថា ៖”ប្រទេសរបស់យើងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរជាងពេលណាៗទាំងអស់។ យើងត្រូវតែស៊ូទ្រាំទៅនឹងគ្រោះមហន្តរាយក្នុងពេលដ៏ខ្លីនេះ ពីព្រោះពួកប្រជាធិបតេយ្យគិតខុសថាពួកគេនឹងទទួលបានអត្ថប្រយោជន៍នយោបាយ។ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើច្បាប់នេះ ដើម្បីឱ្យប្រទេសរបស់យើងបើកដំណើរការឡើងវិញ”៕​