ចិន ផ្អាកចាក់បញ្ចាំងខ្សែភាពយន្តជប៉ុន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង

អន្តរជាតិ

កាលពីពេលថ្មីៗកន្លងទៅនេះ យ៉ាងហោចណាស់ខ្សែភាពយន្តជប៉ុនចំនួនពីរ ត្រូវបានព្យារពេលក្នុងការចាក់ផ្សាយនៅក្នុងប្រទេសចិន ចំពេលកំពុងមានភាពតានតឹងរវាងប្រទេសទាំងកាន់តែខ្លាំងឡើង ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi លើបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទូរស្សន៍រដ្ឋចិន CCTV បានបង្ហាញឲ្យដឹងទៀតថា ខ្សែភាពយន្តជប៉ុនពីរឿង គឺ Cells at Works! និង Crayon Shin-chan the Movie: Super Hot! The Spicy Kasukabe Dancers ត្រូវបានពន្យារពេល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្សែភាពយន្តគំនូរជីវចលជប៉ុនដ៏ល្បីល្បាញ Demon Slayer: Infinity Castle នៅតែបន្តចាក់បញ្ចាំងនៅក្នុងប្រទេសចិន ប៉ុន្តែការលក់សំបុត្របានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ប្រភពខាងលើបានរាយការណ៍ទៀតថា ក្រុមហ៊ុននាំចូល និងអ្នកចែកចាយខ្សែភាពយន្ត បានសម្រេចចិត្តពន្យារពេលការចាក់ផ្សាយនូវខ្សែភាពយន្តទាំងនេះ បន្ទាប់ពីមានការវាយតម្លៃឡើងវិញអំពីទស្សនវិស័យនៃខ្សែភាពយន្តជប៉ុន នៅក្នុងប្រទេសចិន ក៏ដូចជាចិត្តវិទញ្យារបស់ទស្សនិកជនចិន នៅពេលនេះ។ រហូតមកដល់ពេលនេះ​ វានៅមិនទាន់ត្រូវបានគេដឹងច្បាស់ថាខ្សែភាពយន្តទាំងនេះ នឹងត្រូវពន្យារពេលដល់ពេលណានោះឡើយ។

ជម្រាបជូនផងដែរថា ជុំវិញភាពតានតឹងនេះ បានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីស្រ្តីរបស់ជប៉ុន បាននិយាយនៅថ្ងៃទី៧ ខែវិច្ឆិកាថា ក្នុងករណីមានការវាយប្រហារលើតៃវ៉ាន់ ទីក្រុងតូក្យូអាចដាក់ពង្រាយកងកម្លាំងការពារជាតិរបស់ខ្លួន ប្រសិនបើជម្លោះនេះបានបង្កការគំរាមកំហែងដល់ប្រទេសជប៉ុន។ តៃវ៉ាន់មានចម្ងាយត្រឹម ១០០គីឡូម៉ែត្រប៉ុណ្ណោះ ពីកោះជប៉ុនដែលនៅជិតបំផុត។

ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នេះ ហើយបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនមកតវ៉ា។ ទីក្រុងប៉េកាំងក៏បានណែនាំពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងបានស្នើសុំឱ្យនិស្សិតចិនពិចារណាឡើងវិញអំពីការសិក្សានៅទីនោះ ដោយលើកឡើងពីហានិភ័យសុវត្ថិភាព៕