ក្រុមហ៊ុន Apple កំពុងប្រឈមមុខទៅនឹងច្បាប់ពិន័យប្រឆាំងទៅនឹងការផ្តាច់មុខថ្មីរបស់ប្រទេសឥណ្ឌា ដែលអាចនឹងធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ ឈានដល់ការផាកពិន័យជាទឹកប្រាក់រហូតដល់ ៣៨ពាន់លានដុល្លារ។ នេះបើតាមការការចុះផ្សាយពីសារព័ត៌មាន CNA។

នេះគឺជាទីមួយហើយដែលច្បាប់ប្រឆាំងទៅនឹងការផ្តាច់មុខរបស់ប្រទេសឥណ្ឌា ត្រូវបានអនុវត្តទៅលើក្រុមហ៊ុនបរទេស ចាប់តាំងពីឆ្នាំមុន នៅពេលដែលបានអនុញ្ញាតឲ្យគណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI) ប្រើចំណូលសកលនៅពេលគណនាប្រាក់ពិន័យទៅលើក្រុមហ៊ុនបរទេសណាមួយសម្រាប់ការរំលោភលើការគ្រប់គ្រងទីផ្សាររបស់ពួកគេ។
គួរឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ មក ក្រុមហ៊ុន Match ដែលជាម្ចាស់របស់បណ្តាញសង្គម Tinder និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរបស់ឥណ្ឌាជាច្រើនទៀត ត្រូវបានជាប់គាំងនៅក្នុងការតតាំងក្តីប្រឆាំងការផ្តាច់មុខជាមួយក្រុមហ៊ុន Apple នៅ CCI ដោយក្រុមអ្នកស៊ើបអង្កេត បានចេញរបាយការណ៍មួយកាលពីឆ្នាំមុនថា ក្រុមហ៊ុនផលិតទូរស័ព្ទរបស់អាមេរិកនេះ បានចូលមករំលោភបំពានលើទីផ្សារកម្មវិធីនៃប្រព័ន្ធប្រតិបត្តិការ iPhone របស់ខ្លួន ដែលហៅថា iOS។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានបដិសេធរាល់ការប្រព្រឹត្តខុសទាំងនេះ ហើយ CCI ក៏មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងករណីនេះនៅឡើយទេ រួមទាំងការពិន័យណាមួយផងដែរ។
ជម្រាបជូនផងដែរថា ជុំវិញច្បាប់ថ្មីនេះ ក្រុមហ៊ុន Apple អាចប្រឈមនឹងការពិន័យរហូតដល់ ១០% នៃចំណូលសកលរបស់ពួកគេ ជាមួយនឹងចំនួនទឹកប្រាក់សរុបរហូតដល់ប្រមាណ ៣៨ពាន់លានដុល្លារ៕

