រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក លោកស្រី Kristi Noem ថ្មីៗនេះត្រវបានគេរាយការណ៍ថា បានណែនាំឲ្យដាក់បម្រាមមិនឲ្យពលរដ្ឋមកពីប្រទេសចន្លោះពី ៣០-៣២ មិនឲ្យចូលមកកាន់ទឹកដីសហរដ្ឋអាមេរិកឡើយ ពោលគឺបានកើនឡើងពីបញ្ជីហាមឃាត់បច្ចុប្បន្នដែលមានត្រឹម ១៩ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោកស្រី Kristi Noem បានផ្ញើអនុសាសន៍នោះទៅកាន់សេតវិមាន ដើម្បីដាក់បម្រាមបន្ថែមទឿតទៅលើពលរដ្ឋមកពីប្រទេសយ៉ាងហោចណាស់ ១០ ប្រទេសបន្ថែមទៀត បន្ទាប់ពីជនអន្តោប្រវេសន៍អាហ្វានីស្ថានម្នាក់ បានបាញ់សម្លាប់ទាហាមឆ្មាំជាតិពីរនាក់នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឲ្យម្នាក់មានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់។
យោងតាមលោកស្រី Noem បានបញ្ជាក់ឲ្យដឹងទៀតថា សហរដ្ឋអាមេរិកគួរតែដាក់បម្រាមមិនឲ្យចូលប្រទេសលើពលរដ្ឋមកពីប្រទេសចំនួន ៣០ ទៅ ៣២ ដែលជាការកើនឡើងគួរឲ្យគត់សម្គាល់ពីបញ្ជីបច្ចុប្បន្នដែលមានចំនួន ១៩ ប្រទេស។ ហើយពលរដ្ឋនៃប្រទេសដែលមានឈ្មោះនៅក្នុងបញ្ជីហាមឃាត់នេះស្រាប់ នឹងកាន់តែប្រឈមមុខចំពោះការរឹតបន្តឹងធ្ងន់ធ្ងរ នៅពេលចូលទៅកាន់សសហរដ្ឋអាមេរិក។
យ៉ាងណាមិញ បើតាមប្រភពខាងលើបានបន្ថែមទៀតថា បញ្ជីហាមឃាត់អាចនឹងត្រូវបានពង្រីកដោយផ្អែកលើការវាយតម្លៃរបស់រដ្ឋបាលលោក ត្រាំ។ ហើយវានៅមិនទាន់ដឹងច្បាស់ទេថាប្រទេសណាខ្លះដែលនឹងត្រូវបន្ថែមទៅក្នុងបញ្ជីថ្មី ឬពេលណាព័ត៌មាននឹងត្រូវផ្សព្វផ្សាយជាសាធារណៈនោះទេ។
ជម្រាបជូនផងដែរថា បញ្ជីប្រទេសចំនួន ១៩ ដែលសហរដ្ឋអាមេរិកកំពុងដាក់បម្រាមធ្វើដំណើរទាំងស្រុង ឬដោយផ្នែករួមមាន អាហ្វហ្គានីស្ថាន វេណេស៊ុយអេឡា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី និងប្រទេសជាច្រើនទៀត ភាគច្រើននៅអាហ្វ្រិក៕

