នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនខ្នាតយក្សមួយចំនួនដូចជាលោក Jeff Bezos , លោកស្រី Safra Catz និងលោក Jensen Huang បានធ្វើការលក់ភាគហ៊ុនសំខាន់ៗ នៅក្នុងឆ្នាំ២០២៥ ខណៈការកើនឡើងនៃបញ្ញាសិប្បនិម្មិត បានជំរុញឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាកើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ទឹកប្រាក់ប្រហែល ១៦ពាន់លានដុល្លារ ត្រូវបានផ្ទេរពីភាគហ៊ុនសារជីវកម្មទៅកាន់គណនីផ្ទាល់ខ្លួនរបស់មហាសេដ្ឋីកំពូលៗមួយចំនួន នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា។
ហើយយ៉ាងណាមិញ អ្នកដែលទទួលបានប្រាក់ចំណេញច្រើនជាងគេ គឺលោក Jeff Bezos ដែលជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Amazon ដោយលោកបានលក់ភាគហ៊ុនប្រហែល ៥,៧ពាន់លានដុល្លារ ក្នុងចន្លោះខែមិថុនា និងខែកក្កដា។
ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oracle លោកស្រី Safra Catz ក៏កើបបានចំណូលច្រើនគួរសមផងដែរ ជាមួយនឹងការលក់ភាគហ៊ុនមានតម្លៃប្រហែល ២,៥ពាន់លានដុល្លារ បន្ទាប់ពីទទួលបានអត្ថប្រយោជន៍ពិសេសពីការភាពរឹងមាំនៅក្នុងកម្មវិធី Cloud និងមូលដ្ឋានទិន្នន័យរបស់ក្រុមហ៊ុន។
ដោយឡែកលោក Michael Dell ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies បានលក់ភាគហ៊ុនបានប្រមាណ ២,២ពាន់លានដុល្លារ ស្របពេលលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានលក់ភាគហ៊ុនប្រមាណ ១ពាន់លានដុល្លារ។
ជម្រាបជូនថា នៅពេញមួយឆ្នាំ២០២៥ ទាំងសន្ទស្សន៍ហ៊ុន Nasdaq Composite និង S&P 500 Information Technology បានឈានដល់កម្រិតខ្ពស់ថ្មីម្តងហើយម្តងទៀត ដែលជំរុញដោយការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត សេវាកម្ម Cloud និងបណ្តាញទំនើប៕

