លោក ត្រាំ ជំរុញឲ្យក្រុមហ៊ុនប្រេងអាមេរិកវិនិយោគ ១០០ពាន់លានដុល្លារ ក្នុងប្រទេសវេណេស៊ុយអេឡា

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងធំៗជាច្រើនរបស់អាមេរិក ដោយជំរុញឲ្យពួកគេវិនិយោគទឹកប្រាក់រាប់រយពាន់លានដុល្លារ ក្នុងការកសាងឡើងវិញនូវវិស័យថាមពល ដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងកិច្ចប្រជុំមួយនៅសេតវិមាន លោក ត្រាំ​ បានមានប្រសាសន៍ថា៖”​ ក្រុមហ៊ុនអាមេរិកនឹងមានឱកាសកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពលដែលទ្រុដទ្រោមរបស់ប្រទេសវេណេស៊ុយអេឡា និងជំរុញការផលិតប្រេងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក”។

យ៉ាងណាមិញ ក្នុងកិច្ចប្រជុំដ៏ធំនេះ មានការចូលរួមពីថ្នាក់ដឹកនាំមកពីក្រុមហ៊ុនប្រេងខ្នាតយក្សដូចជា Exxon Mobil, ConocoPhillips, Chevron និងក្រុមហ៊ុនប្រេងជាច្រើនទៀត។ ស្របពេលលោក ត្រាំ ក៏បានបង្ហាញក្តីសង្ឃឹមរបស់លោកថាក្រុមហ៊ុនទាំងនេះនឹងវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ១០០ពាន់លានដុល្លារដើម្បីពង្រីកប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡា។

ជម្រាបជូនផងដែរថា ការប្រកាសនេះ បានកើតឡើង បន្ទាប់ពីលោក ត្រាំ ធ្លាប់បានប្រកាសថាប្រេងជាអាទិភាពយុទ្ធសាស្រ្តសម្រាប់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីបានបើកប្រតិបត្តិការវាយប្រហារ និងចាប់ខ្លួនមេដឹកនាំផ្តាច់ការ លោក Nicolas Maduro កាលពីសប្តាហ៍មុនមក៕​