ប្រទេសម៉ាឡេស៊ី បានសម្រេចផ្អាកការចូលទៅលើប្រើប្រាស់ Chatbot Grok របស់មហាសេដ្ឋី Elon Musk ដោយសារតែពាក់ព័ន្ធទៅនឹងខ្លឹមសារអាសអាភាសដែលបង្កើតឡើងដោយកម្មវិធី AI មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មជាសកល ទៅលើមុខងាររបស់កម្មវិធី AI Grok នេះ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្កើតរូបភាពលើស្ត្រី និងកុមារដែលមានលក្ខណៈផ្លូវភេទ ដោយត្រឹមតែប្រើប្រាស់សារសាមញ្ញប៉ុណ្ណោះ។
ទន្ទឹមនឹងជាមួយគ្នានេះ ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ បានក្លាយជាប្រទេសដំបូងគេដែលហាមឃាត់មិនឲ្យចូលទៅប្រើប្រាស់កម្មវិធី AI នេះ ដែលត្រូវបានកំណត់គោលដៅយ៉ាងជាក់លាក់ចំពោះអ្នកដែលបង់ប្រាក់ទៅលើការប្រើប្រាស់សេវាកម្មនេះ នៅកន្លែងផ្សេងទៀត។
យ៉ាងណាមិញ បើតាមគណៈកម្មការទំនាក់ទំនង និងពហុមេឌាម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដឹកនាំការរឹតបន្តឹងជាបណ្តោះអាសន្នលើការចូលទៅប្រើប្រាស់បញ្ញាសិប្បនិម្មិត Grok សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយឲ្យមានប្រសិទ្ធភាពភ្លាមៗ។
មិនតែប៉ុណ្ណោះ និយតករបាននិយាយទៀតថា សកម្មភាពនេះកើតឡើងបន្ទាប់ពីការប្រើប្រាស់ Grok ខុសម្តងហើយម្តងទៀតដើម្បីបង្កើតរូបភាពអាសអាភាស ការប្រមាថមើលងាយ និងការរៀបចំឡើងដោយមិនបានព្រមព្រៀងគ្នា៕

