កូនប្រុសពៅរបស់លោក Warren Buffett មិនធ្លាប់ដឹងថាឪពុកខ្លួនជាមហាសេដ្ឋីឡើយ កាលនៅក្មេង

អន្តរជាតិ

លោក Peter Buffett ដែលជាកូនពៅក្នុងចំណោមកូនបីនាក់របស់បិតាវិនិយោគ Warren Buffett បានបង្ហាញថា លោកមិនធ្លាប់បានដឹងទាល់តែសោះថាឪពុករបស់លោកគឺជាមហាសេដ្ឋី រហូតឈានដល់វ័យ ២០ឆ្នាំ បន្ទាប់ពីបានឃើញឈ្មោះរបស់លោក Buffett នៅលើបញ្ជីមហាសដ្ឋីរបស់ Forbes។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Peter ដែលបច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅក្នុងឆ្នាំ២០១៣ ជាមួយទស្សនាវដ្តីអាមេរិកថា លោកបាននិយាយជាមួយឪពុកម្តាយរបស់លោកអំពីការបង្ហាញវត្តមានរបស់លោក Buffett ជាលើកដំបូងនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes។

លោកបានរំលឹកបន្ថែមទៀតថា នៅពេលនោះហើយ គឺជាពេលវេលាដែលដឹងថាគ្រួសាររបស់លោកមានលុយច្រើនប៉ុន្មាន។ ប៉ុន្តែលោក Peter ក៏បានសង្កត់ធ្ងន់ទៀតថា វាមិនមែនជារឿងចាំបាច់សម្រាប់នោះឡើយ ព្រោះទ្រព្យសម្បត្តិមិនដែលជាផ្នែកសំខាន់នៃការចិញ្ចឹមបីបាច់របស់លោកឡើយ។

មិនតែប៉ុណ្ណោះ ដោយចែករំលែកបន្ថែមអំពីការចិញ្ចឹមបីបាច់របស់លោកនៅក្នុងបទសម្ភាសន៍មួយផ្សេងទៀត លោក Peter បាននិយាយថា លោក និងបងប្អូនរបស់លោកបានដឹងតិចតួចប៉ុណ្ណោះ អំពីការងាររបស់ឪពុកខ្លួន។

ជម្រាបជូនថា លោក Buffett ដែលបច្ចុប្បន្នមានអាយុ ៩៥ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអ្នកវិនិយោគដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។ អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway រូបនេះ ធ្លាប់បានគ្រងតំណែងជាអ្នកមានបំផុតរបស់ពិភពលោកមួយរយៈ បន្ទាប់ពីវ៉ាដាច់លោក Bill Gates ក្នុងឆ្២០០៨ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ៦២ពាន់លានដុល្លារអាមេរិក។តែទោះបីជាលោក Buffett បច្ចុប្បន្ន លែងជាអ្នកមានបំផុតរបស់ពិភពលោកទៀតហើយក៏ដោយ លោកនៅតែស្ថិតក្នុងចំណោមអ្នកមានកំពូលទាំង១០ ​លើលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១៤៦ពាន់លានដុល្លារ៕