រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងក្នុងការលើកលែងពន្ធលើបន្ទះឈីបសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Amazon , Google និង Microsoft ។ នេះបើមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញវិធានការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងគាំទ្រដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាមេរិក ខណៈពេលដែលពួកគេកំពុងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។
មិនតែប៉ុណ្ណោះ បើយោងតាមកាសែត Financial Times បានបង្ហាញឲ្យដឹងទៀតថា វិធានការលើកលែងពន្ធនេះនឹងត្រូវអនុវត្តតាមរយៈក្រសួងពាណិជ្ជកម្ម ហើយលក្ខខណ្ឌនៃការលើកលែង គឺត្រូវបានភ្ជាប់ទៅនឹងបេ្តជ្ញាចិត្តវិនិយោគដ៏ធំដែលធ្វើឡើងដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC)។
គួរឲ្យដឹងថា TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតនៅលើពិភពលោក កំពុងវិនិយោគទឹកប្រាក់ចំនួន ១៦៥ពាន់លានលដុល្លារ ដើម្បីសាងសង់រោងចក្រនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គម្រោងនៃការលើកលែងពន្ធលើបន្ទះឈីបនេះហាក់នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ ហើយវាក៏នៅមិនទាន់ត្រូវបានចុះហត្ថលេខាដោយប្រធានធិបតី លោក ត្រាំ ផងដែរ ដោយនឹងបន្តរង់ចាំការសម្រេចចិត្តចុងក្រោយពីសេតវិមាន ជាមុនសិន៕

