មហាសេដ្ឋីមានដាច់គេទាំង៥ របស់ហុងកុង កាន់កាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជាង ១៤០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង៥ របស់ហុងកុង ដោយកាន់កាប់ទ្រព្យសម្បត្តិរួមគ្នាសរុបចំនួន ១៤១,២ពាន់លានដុល្លារដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ក្នុងចំណោមមហាសេដ្ឋីទាំងនោះ ទ្រព្យសម្បត្តិសរុបប្រមាណ ៨០%​ ត្រូវបានកាន់កាប់ដោយគ្រួសារមហាសេដ្ឋីធំៗទាំងបួន របស់ទីក្រុង ដោយក្នុងនោះរួមមានលោក Li Ka Sing ផងដែរ។

លោក Li Ka Sing បច្ចុប្បន្នវ័យ ៩៧ឆ្នាំ នៅតែជាមហាសេដ្ឋីមានដាច់គេបំផុតរបស់ហុងកុង បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក កើនឡើង ៧,៨ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេលចុងក្រោយនេះ​ដែលធ្វើឲ្យចំនួនសរុបឈានដល់ ៤៥,១ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦។

លោក Li កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន CK Hutchison ដែលរកស៊ីលើកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរស័ព្ទចល័ត ក៏ដូចជាក្រុមហ៊ុនអចលនទ្រព្យ CK Asset ផងដែរ។

ចំណែកឯគ្រួសារមហាសេដ្ឋីមានបំផុតទីពីរ គឺលោក Peter និងលោក Martin Lee ដែលជាសហប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Henderson Land Development ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៣៤,៩ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Henry Cheng ដែលជាអ្នកកាន់ក្រុមហ៊ុនធំៗជាច្រើនរបស់គ្រួសារ ដូចជាក្រុមហ៊ុន New World Development និងក្រុមហ៊ុន Chow Tai Fook Jewellery Group ជាប់នៅតំណែងលេខបី​ ជាមួយទ្រព្យសម្បត្តិសរុបជាង ២៦ពាន់លានដុល្លារ។

លើសពីនេះ គ្រួសារត្រកូល Lee ដែលមានលោក Lee Charlie , Sammy , Eddy , David , Elizabeth ដែលជាកូនៗរបស់លោក Lee Man Tat ប្រធានក្រុមហ៊ុន Lee Kum Kee Group មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧,៦ពាន់លានដុល្លារ ជាប់តំណែងលេខ៤ របស់ទីក្រុង។

ចុងក្រោយគេ គឺលោកស្រី Kwong Siu Hing ដែលគ្រប់គ្រងលើក្រុមហ៊ុន Sun Hung Kai Properties ដែលជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលប្រចាំទីក្រុង ត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រហែល ១៧,៥ពាន់លានដុល្លារ៕​