មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានជប៉ុន មិនឲ្យមានការកាត់បន្ថយពន្ធលក់រាយ និងបន្តដំឡើងអត្រាការប្រាក់បន្ថែម បន្ទាប់ពីមានការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជុំវិញការបង្កើនលឿនលើការជជែកពិភាក្សាចំពោះការកាត់បន្ថយពន្ធលើការប្រើប្រាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយរបស់ខ្លួនថា៖” អាជ្ញាធរគួរតែចៀសវាងការកាត់បន្ថយពន្ធលើការប្រើប្រាស់ ដែលជាវិធានការមិនមានគោលដៅច្បាស់លាស់ ហើយវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់លំហសារពើពន្ធ និងបន្ថែមហានិភ័យហិរញ្ញវត្ថុផងដែរ”។
ទន្ទឹមនឹងនេះ លោក Rahul Anand ប្រធានបេសកកម្មរបស់ IMF ប្រចាំប្រទេសជប៉ុន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការចេញផ្សាយសេចក្តីថ្លែងការណ៍នេះថា ប្រទេសជប៉ុនមិនគួរបន្ធូរបន្ថយគោលនយោបាយសារពើពន្ធរបស់ខ្លួនទេ នៅពេលដែលថ្លៃសេវាបំណុល និងសុខុមាលភាព ទំនងជាបន្តកើនឡើង ហើយនៅទីបំផុតវានឹងបន្ថែមកម្រិតបំណុលខ្ពស់របស់ប្រទេស។
ជុំវិញការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីលោកស្រី Takaichi កំពុងរៀបចំដើម្បីពន្លឿនការពិភាក្សាអំពីការផ្អាកពន្ធលើការលក់អាហាររយៈពេលពីរឆ្នាំ ស្របតាមការសន្យា ខណៈដែលលោកស្រីបានដឹកនាំគណបក្សប្រជាធិបតេយ្យសេរីរបស់លោកស្រី ឆ្ពោះទៅរកជ័យជម្នះដ៏ធំបំផុតមិនធ្លាប់មានពីមុនមក កាលពីដើមខែនេះ។
ជម្រាបជូនផងដែរថា បើទោះបីជាការកាត់ពន្ធត្រូវបានកំណត់ត្រឹមតែទំនិញចាំបាច់ និងមានលក្ខណៈបណ្តោះអាសន្ន ដែលអាចជួយកាត់បន្ថយថ្លៃចំណាយរបស់រដ្ឋាភិបាលក៏ដោយ ប៉ុន្តែ IMF បានបញ្ជាក់ថា ជប៉ុនត្រូវការរឹតត្បិតផ្នែកហិរញ្ញវត្ថុ ដើម្បីជួយរក្សាស្ថិរភាពទីផ្សារប័ណ្ណបំណុល ឲ្យនៅមានស្ថេរភាព៕

