យោងតាមលោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដំឡើងពន្ធនាំចូលបន្ថែមទៀតលើទំនិញពីប្រទេសមួយចំនួនដល់ ១៥% ជំនួសឲ្យអត្រា ១០% នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Greer បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Fox Business កាលពីថ្ងៃទី២៥ ខែកុម្ភៈថា ពន្ធបច្ចុប្បន្នគឺត្រឹមតែ ១០% ប៉ុណ្ណោះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ទៀតថា នៅក្នុងប្រទេសមួយចំនួនពន្ធនេះអាចកើនឡើងដល់ ១៥% ឬអាចខ្ពស់ជាងនេះទៅទៀត។
យ៉ាងណាក៏ដោយ លោក Greer មិនបានបញ្ជាក់ប្រាប់ឈ្មោះប្រទេសជាក់លាក់ណាមួយនោះទេ ប៉ុន្តែក្នុងនោះលោកបានអះអាងថា ចំពោះទំនិញរបស់ប្រទេសចិន អាមេរិកនឹងមិនដំឡើងលើសពីកម្រិតបច្ចុប្បន្ននេះនោះឡើយ ចំពេលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
មិនតែប៉ុណ្ណោះ តំណាងពាណិជ្ជកម្មអាមេរិករូបនេះ ក៏បានបង្ហាញផងដែរថា សេតវិមានបច្ចុប្បន្នកំពុងរៀបចំសេចក្តីថ្លែងការណ៍មួយដើម្បីបង្កើនពន្ធបណ្តោះអាសន្នដល់ ១៥% នៅពេលវេលាដែលសមស្រប ហើយបញ្ជីឈ្មោះប្រទេសដែលជាប់ពន្ធនោះ នឹងត្រូវប្រកាសដូចគ្នា។
ជម្រាបជូនថា ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវទទួលរងនូវពន្ធគយបណ្ដោះអាសន្ន ១០% ខណៈការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីតុលាការកំពូលបានបដិសេធពន្ធគយពីមុនរបស់លោក ត្រាំ ដោយលើកឡើងពីច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)៕

