រោងចក្រចម្រាញ់ប្រេងធំៗនៅអាស៊ី កំពុងស្វែងរកលទ្ធភាពទិញចូលប្រេងពីអ៊ីរ៉ង់

អន្តរជាតិ

រោងចក្រចម្រាញ់ប្រេងនៅឥណ្ឌា និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីន កំពុងមានគម្រោងទិញប្រេងពីអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានបន្ធូរបន្ថយទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២១ សារព័ត៌មានដដែលនេះ បានរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងឥណ្ឌាកំពុងមានគម្រោងបន្តទិញប្រេងពីអ៊ីរ៉ង់បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងតេអេរ៉ង់។ ពួកគេកំពុងរង់ចាំការណែនាំពីរដ្ឋាភិបាល និងព័ត៌មានបន្ថែមពីទីក្រុងវ៉ាស៊ីនតោនលើព័ត៌មានលម្អិត ដូចជាលក្ខខណ្ឌទូទាត់ជាដើម។

គួរឲ្យដឹងថា ពីមុន រោងចក្រចម្រាញ់ប្រេងឥណ្ឌា ក៏បានប្រញាប់ប្រញាល់ទិញប្រេងឆៅរបស់រុស្ស៊ីផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យប្រទេសនានាទិញប្រេងពីរុស្ស៊ីដែលជាប់គាំងនៅលើសមុទ្ររហូតដល់ថ្ងៃទី១១ ខែមេសា។ ឥណ្ឌាមានទុនបម្រុងប្រេងឆៅទាបជាង បើប្រៀបធៀបទៅនឹងប្រទេសនាំចូលប្រេងសំខាន់ៗផ្សេងទៀតនៅអាស៊ី។

យ៉ាងណាមិញ ក្រៅពីឥណ្ឌា រោងចក្រចម្រាញ់ប្រេងជាច្រើននៅក្នុងប្រទេសអាស៊ីផ្សេងទៀត ក៏កំពុងវាយតម្លៃលទ្ធភាពនៃការទិញប្រេងពីអ៊ីរ៉ង់ផងដែរ។

កាលពីកន្លងទៅ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងលុបចោលទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងអ៊ីរ៉ង់នៅលើសមុទ្ររយៈពេល ៣០ថ្ងៃ។ នេះអនុវត្តចំពោះប្រេងដែលផ្ទុកនៅលើកប៉ាល់ ដែលគិតនៅថ្ងៃទី២០ ខែមីនា ឬមុនថ្ងៃទី២០ ខែមីនា ហើយមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១៩ ខែមេសា។

ជម្រាបជូនថា បច្ចុប្បន្ន អាស៊ីពឹងផ្អែកលើមជ្ឈិមបូព៌ាសម្រាប់ប្រហែល ៦០% នៃការផ្គត់ផ្គង់ប្រេងឆៅរបស់ខ្លួន។ ការបិទច្រកសមុទ្រ Hormuz ជិតមួយខែមកនេះ បានបង្ខំឲ្យរោងចក្រចម្រាញ់ប្រេងនៅទូទាំងតំបន់ កាត់បន្ថយសមត្ថភាព និងរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរបស់ខ្លួន៕​