មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk បានស្នើសុំចង់បើកប្រាក់ខែដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន (TSA) ដែលកំពុងធ្វើការដោយគ្មានចំណូល ដោយសារតែការបិទផ្នែកខ្លះនៃក្រសួងសន្តិសុខមាតុភូមិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន USA Today។

លោក Musk បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួន កាលពីពេលថ្មីៗនេះថា ៖” ខ្ញុំចង់ផ្តល់ជូនបើកប្រាក់ខែដល់បុគ្គលិករដ្ឋបាលសន្តិសុខ TSA ក្នុងអំឡុងពេលកំពុងជាប់គាំងថវិកា ដែលជាស្ថានភាពមួយដែលប៉ះពាល់អវិជ្ជមានដល់ជីវិតរបស់ជនជាតិអាមេរិកជាច្រើន នៅតាមអាកាសយានដ្ឋានទូទាំងប្រទេស”។
យ៉ាងណាក៏ដោយ លោក Musk ដែលជាស្ថិតនិកក្រុមហ៊នអវកាស SpaceX មិនបានបង្ហាញពីចំនួនទឹកប្រាក់ដែលត្រូវការ ដើម្បីបើកប្រាក់ខែដល់បុគ្គលិក TSA ដែលជាកម្លាំងពលកម្មទទួលខុសត្រូវចំពោះការត្រួតពិនិត្យសន្តិសុខ នៅតាមអាកាសយានដ្ឋាន នោះឡើយ។
ប៉ុន្តែជាទូទៅ សហរដ្ឋអាមេរិក មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ អាចប្រើប្រាស់លុយផ្ទាល់ខ្លួនដើម្បីបើកប្រាក់ខែដល់បុគ្គលិករដ្ឋាភិបាលនោះឡើយ ខណៈការចូលរួមវិភាគទានដល់រដ្ឋាភិបាល ត្រូវបានបញ្ជូនទៅក្រសួងរតនាគារ ដែលគ្រប់គ្រងថវិកាជាតិ ហើយបន្ទាប់មកត្រូវបានបែងចែកទៅតាមបទប្បញ្ញត្តិថវិកាដែលកំណត់ដោយសភា ដូចជាប្រភពហិរញ្ញប្បទានសហព័ន្ធដទៃទៀតដែរ។
ជម្រាបជូនថា បុគ្គលិក TSA ប្រមាណ ៥០ ០០០ នាក់បានធ្វើការដោយគ្មានប្រាក់ឈ្នួលអស់រយៈពេលជាងមួយខែមកហើយ ដោយសារតែការបិទរដ្ឋាភិបាលមួយផ្នែក ដែលបណ្តាលមកពីការបែកបាក់គ្នារវាងសភា លើការផ្តល់មូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិ (DHS)។ DHS កំពុងរង់ចាំការផ្តល់មូលនិធិឡើងវិញ ស្របពេលបុគ្គលិក TSA ដែលចាំទុកថាជាកម្លាំងពលកម្មដែលមិនអាចខ្វះបាន នៅតែបន្តធ្វើការងាររបស់ពួកគេតាមអាកាសយានដ្ឋានដដែល៕

