ក្រុមហ៊ុនប្រេងខ្នាតយក្សធំៗ កើបលុយបានរាប់ពាន់លានដុល្លារ ក្រោយជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង

អន្តរជាតិ

តម្លៃប្រេងឆៅប្រទេស Brent ជាមធ្យមក្នុងខែមីនាបានកើនឡើងជាង ៣០% បើប្រៀបធៀបទៅនឹងខែមុន ដែលផ្តល់អត្ថប្រយោជន៍ ជាមួយនឹងផលចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុនប្រេងខ្នាតយក្សធំៗដែលគ្មានមូលដ្ឋាននៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសាព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងធំៗជាច្រើន នឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ តែទោះជាយ៉ាងណាក៏ដោយ នេះមិនអាចបដិសេធការពិតដែលថាពួកគេកំពុងតែអាចរកបានចំណូលរាប់ពាន់លានដុល្លារ ដោយសារតែតម្លៃថាមពលកើនឡើងបាននោះឡើយ។

ជាមធ្យមក្នុងខែមីនា តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ ៩៧ដុល្លារក្នុងមួយបារ៉ែល ដែលជាការកើនឡើង ៣៣% បើប្រៀបធៀបទៅនឹងខែកុម្ភៈ។ តម្លៃឧស្ម័ននៅក្នុងតំបន់ជាច្រើនលើពិភពលោកក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ ជម្លោះនៅមជ្ឈិមបូព៌ាដែលមានរយៈពេលជិតមួយខែកន្លងមកនេះ បានផ្តល់ការរំខានដល់លំហូរប្រេងឆៅសកលប្រមាណ ២០% និងឧស្ម័នធម្មជាតិរាវ (LNG) ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

នៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥ ក្រុមហ៊ុន Chevron (US) បានផលិតប្រេងចំនួន ៤ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងតម្លៃជាមធ្យម ៦៤ដុល្លារក្នុងមួយបារ៉ែល។ បើតាមសារព័ត៌មាន Reuters បានគណនាថា ជាមួយនឹងការកើនឡើង ៣៣ដុល្លារ ក្នុងមួយបារ៉ែល នោះមានន័យថាប្រាក់ចំណូលពីការលក់ប្រេងរបស់ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាមេរិកមួយនេះ បានកើនឡើងរហូតដល់ ៤ពាន់លានដុល្លារ នៅក្នុងខែមីនា។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Exxon ផលិតបានប្រហែល ៥ លានបារ៉ែលក្នុងមួយថ្ងៃ។ ដោយសន្មតថាមានការកើនឡើងស្រដៀងគ្នា ពួកគេនឹងទទួលបានប្រាក់ចំណូលបន្ថែម ៥,១ពាន់លានដុល្លារនៅខែមីនានេះ។

ជម្រាបជូនផងដែរថា ស្ថានភាពនេះគឺស្រដៀងគ្នាទៅនឹងឆ្នាំ២០២២ ដែរ នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង ដែលធ្វើឲ្យទីផ្សារថាមពលរង្គោះរង្គើ។ នៅពេលនោះ ក្រុមហ៊ុនប្រេងបានបង់ភាគលាភកំណត់ត្រា និងទិញភាគហ៊ុនមួយចំនួនធំមកវិញ៕​