ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅអង្គការណាតូ (NATO) ថាជា “ខ្លាក្រដាស” ហើយបាននិយាយទៀតថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ក្នុងការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពមួយនេះ ពីព្រោះពួកគេមិនខ្វល់ទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Telegraph ។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖”អង្គការណាតូលែងត្រូវបានគេស្គាល់ទៀតហើយ។ ខ្ញុំតែងតែដឹងថាពួកគេគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏ដឹងរឿងនោះដែរ”។
គួរឲ្យដឹងថានេះជាលើកទីពីរហើយក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ដែលលោក ត្រាំ បានរិះគន់អង្គការណាតូយ៉ាងខ្លាំង។ នៅថ្ងៃទី២០ ខែមីនា កន្លងទៅ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានហៅអង្គការណាតូថា “កំសាក” ដែលមិនចង់ជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយបានប្រកាសថា សហរដ្ឋអាមេរិកនឹងចងចាំរឿងនេះ។
ជម្រាបជូនថា សេចក្តីថ្លែងការណ៍របស់លោក ត្រាំ នេះ បានកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកនៅក្នុងអង្គការណាតូបានបង្ហាញពីការស្ទាក់ស្ទើរក្នុងការគាំទ្រដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលអ៊ីរ៉ង់បានបិទទ្វារស្ទើរតែទាំងស្រុងចាប់តាំងពីការប្រយុទ្ធបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈមក៕

