ចិន និងប៉ាគីស្ថាន ដាក់ចេញសំណើប្រាំចំណុចដើម្បីបញ្ចប់ជម្លោះនៅអ៊ីរ៉ង់

អន្តរជាតិ

ប្រទេសចិន និងប៉ាគីស្ថាន បានដាក់ចេញផែនការសន្តិភាពប្រាំចំណុចសម្រាប់មជ្ឈិមបូព៌ា ដែលមានគោលបំណងបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងចាប់ផ្តើមការចរចាសន្តិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១ ខែមេសាថា ចិន និងប៉ាគីស្ថានកំពុងធ្វើការសម្របសម្រួលការបញ្ចប់ការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា ដោយបង្កើតឱកាសសម្រាប់ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈពេលដែលជម្លោះចូលដល់សប្តាហ៍ទីប្រាំ។

យ៉ាងណាមិញ នៅមុននេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីប៉ាគីស្ថាន គឺលោក Ishaq Dar បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ហើយបានប្រកាសពីសំណើសន្តិភាពប្រាំចំណុចសម្រាប់មជ្ឈិមបូព៌ា ដែលរួមមានការបញ្ឈប់អរិភាពជាបន្ទាន់ ការចាប់ផ្តើមការចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សន្តិសុខសម្រាប់គោលដៅមិនមែនយោធា សន្តិសុខសម្រាប់ផ្លូវសមុទ្រ និងការផ្តល់អាទិភាពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

នៅក្នុងសំណើប្រាំចំណុចរនេះ ទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានអំពាវនាវឲ្យមានការអនុញ្ញាតឲ្យនាវាស៊ីវិល និងនាវាពាណិជ្ជកម្មធ្វើដំណើរដោយសុវត្ថិភាព និងស្តារការរុករកធម្មតាឡើងវិញតាមរយៈច្រកសមុទ្រ Hormuz ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយលើសំណើដែលដាក់ចេញដោយប្រទេសចិន និងប៉ាគីស្ថាននេះនោះទេ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បាននិយាយថា ខ្លួនមិនមានការចរចាជាមួយសហរដ្ឋអាមេរិកផងដែរ បើទោះបីជាសារមួយចំនួនត្រូវបានផ្តោះផ្តងរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងបេសកជនអាមេរិក លោក Steve Witkoff ក៏ដោយ៕​