អ៊ីរ៉ង់ បានប្រកាសផ្លូវវាងផ្សេងមួយទៀតសម្រាប់កប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីចៀសវាងហានិភ័យនៃការបុកមីនដែលដាក់ក្រោមទឹក នៅក្នុងច្រកសមុទ្រសំខាន់មួយនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AFP។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃទី៩ ខែមេសាថា៖” ដើម្បីអនុវត្តតាមបទប្បញ្ញត្តិសុវត្ថិភាពសមុទ្រ និងចៀសវាងហានិភ័យនៃការប៉ះទង្គិចមីន កប៉ាល់ទាំងអស់ដែលមានបំណងឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែប្រើប្រាស់ផ្លូវផ្សេងជំនួស”។
គួរឲ្យដឹងថាច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនតូចចង្អៀត និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយនៅកន្លែងខ្លះមានទទឹងប្រហែល ៣៣-៣៨ គីឡូម៉ែត្រប៉ុណ្ណោះ ដែលស្ថិតនៅចន្លោះឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់។
យ៉ាងណាមិញ នៅចុងខែមីនា កងកម្លាំង IRGC បានអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញ និងកប៉ាល់ដឹកប្រេងជាច្រើនគ្រឿងឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោមការណែនាំ និងអមដំណើររបស់ពួកគេ ដោយធ្វើដំណើរតាមផ្លូវទឹកអ៊ីរ៉ង់ជុំវិញកោះ Larak ជំនួសឲ្យច្រកសមុទ្រសំខាន់នេះ ដោយសារតែពួកគេបានដាក់មីនក្រោមជាច្រើន ពោលគឺចាប់តាំងពីជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផ្ទុះឡើងមក។
ជម្រាបជូនថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញរបស់អ៊ីរ៉ង់នេះ បានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលសម្រេចបានជាមួយសហរដ្ឋអាមេរិក នៅយប់ថ្ងៃទី៧ ខែមេសា ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលឱសានវាទរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះទីក្រុងតេអេរ៉ង់ផុតកំណត់៕

