ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបិទខ្ទប់ច្រកសមុទ្រ Hormuz ទាំងស្រុង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងសន្តិភាពដោយបរាជ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី១២ ខែមេសាថា ៖”កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាកងកម្លាំងកងទ័ពជើងទឹកដ៏ឆ្នើមបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមដំណើរការនៃការបិទ និងរារាំងនាវាទាំងអស់ពីការចូល ឬចាកចេញពីច្រកសមុទ្រ Hormuz។ ការសម្រេចចិត្តនេះមានប្រសិទ្ធភាពភ្លាមៗ”។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានបញ្ជាក់ទៀតថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងតាមដាន និងស្ទាក់ចាប់កប៉ាល់ដឹកទំនិញណាមួយដែលបង់ថ្លៃដឹកជញ្ជូនទៅឱ្យអ៊ីរ៉ង់ ហើយក៏បានចាប់ផ្តើមបោសសម្អាតមីននៅក្នុងច្រកសមុទ្រ Hormuz ផងដែរ។
ជម្រាបជូនផងដែរថាជ ជុំវិញការប្រកាសរបស់លោក ត្រាំ ត្រូវបានធ្វើឡើង បន្ទាប់ពីភាគីអាមេរិក និងអ៊ីរ៉ង់ បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងពេលនៃកិច្ចចរចានៅប្រទេសប៉ាគីស្ថាន ហើយមូលហេតុសំខាន់តែមួយគត់ គឺកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕

