ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបណ្តេញលោក Jerome Powell ប្រសិនបើលោកមិនចាកចេញពីក្រុមប្រឹក្សាភិបាលធនាគារកណ្តាល Fed បន្ទាប់ពីអាណត្តិជាប្រធានរបស់លោកត្រូវបញ្ចប់ទេនោះ។

នៅក្នុងបទសម្ភាសមួយនៅលើ Fox Business លោក ត្រាំ បានបញ្ជាក់ជាថ្មីអំពីការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើលោក Jerome Powell ដោយបញ្ជាក់ទៀតថានេះគឺជាមធ្យោបាយមួយ ដើម្បីបញ្ជាក់ថាប្រធានរបស់ Fed រូបនេះ គ្មានសមត្ថភាពគ្រប់គ្រាន់ ហើយថែមទាំងបានគំរាមបណ្តេញលោក Powell ចេញពីតំណែងភ្លាមៗទៀតផង។
គួរឲ្យដឹងថាអាណត្តិរបស់លោក Powell ក្នុងនាមជាប្រធានធនាគារកណ្តាល Fed នឹងត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦។ តែទោះជាយ៉ាងណាក៏ដោយ អាណត្តិរបស់លោកនៅក្នុងក្រុមប្រឹក្សាភិបាលធនាគារកណ្តាលនេះ នឹងនៅតែបន្តរហូតដល់ឆ្នាំ២០២៨។
ក្រុមប្រឹក្សាភិបាល Fed គឺជាស្ថាប័នគ្រប់គ្រងខ្ពស់បំផុតរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលមានសមាជិកប្រាំពីររូបទទួលខុសត្រូវក្នុងការកំណត់គោលនយោបាយរូបិយវត្ថុ ត្រួតពិនិត្យធនាគារ និងធានាស្ថិរភាពហិរញ្ញវត្ថុជាតិ។
ជម្រាបជូនថា ការមិនចុះសម្រុងគ្នារវាងលោក ត្រាំ និងលោក Powell បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទោះបីជាលោក ត្រាំ ខ្លួនឯងផ្ទាល់ជាអ្នកតែងតាំងលោក Powell ឲ្យកាន់តំណែងជាប្រធានធនាគារកណ្តាល Fed នេះក៏ដោយ។
លោក ត្រាំ បានសំដែងការមិនពេញចិត្តនឹងលោក Powell ជារឿយៗ ដោយសារតែធនាគារកណ្តាលសហរដ្ឋអាមេរិក បានដំឡើងអត្រាការប្រាក់ម្តងហើយម្តងទៀត ហើយបរាជ័យក្នុងការបន្ទាបអត្រាការប្រាក់ទាំងនោះ នៅពេលខ្លះដែលប្រធានាធិបតីអាមេរិក ចាត់ទុកថាជាពេលសមរម្យដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច៕

