ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghaliba បានព្រមានថា ប្រទេសរបស់ខ្លួន នឹងបិទច្រកសមុទ្រ Hormuz ម្តងទៀត ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តគំរាមកំហែងរាំងខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Mohammad Bagher Ghaliba បានប្រកាសថា ដរាបណាការរាំងខ្ទប់សមុទ្រនៅតែបន្ត ច្រកសមុទ្រ Hormuz នឹងលែងបើកទៀតនោះឡើយ ខណៈលោកក៏បានបន្ថែមទៀតថា ការធ្វើដំណើរតាមផ្លូវទឹកដ៏សំខាន់មួយនេះនឹងអាស្រ័យលើការអនុញ្ញាតពីទីក្រុងតេអេរ៉ង់តែប៉ុណ្ណោះ។
យ៉ងណាមិញ ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានសភាអ៊ីរ៉ង់ បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការធ្វើសេចក្តីថ្លែងការណ៍ជាច្រើន ហើយសុទ្ធសឹងតែជារឿងមិនពិត។
គួរឲ្យដឹងថា លោក ត្រាំ ពីមុនបានថ្លែងថា ការបិទច្រកសមុទ្រអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក នឹងបញ្ចប់នៅពេលដែលកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់ជាមួយគ្នាផងដែរ។
ជម្រាបជូនថា ច្រកសមុទ្រ Hormuz គឺជាខ្សែជីវិតសម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នប្រហែល ២០% របស់ពិភពលោក រួមជាមួយនឹងវត្ថុធាតុដើមមួយភាគបីដែលប្រើប្រាស់ក្នុងការផលិតជីសម្រាប់ឧស្សាហកម្មកសិកម្មរបបស់ពិភពលោក៕

