ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថានឹងផ្តល់ជំនួសហិរញ្ញវត្ថុប្រហែល ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទប់ទល់ទៅនឹងការកើនឡើងនៃតម្លៃប្រេង ដោយសារជម្លោះមជ្ឈិមបូព៌ា ដែលគំរាមកំហែងដល់ការផលិតផលិតផលសំខាន់ពីក្នុងតំបន់នេះ សម្រាប់ការផ្គត់ផ្គង់ដល់ប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានប្រកាសពីគំនិតផ្តួចផ្តើមនេះ នៅឯវេទិកាក្នុងមួយតំបន់មួយ ដែលមានការចូលរួមពីបណ្តាលប្រទេសមានសេដ្ឋកិច្ចធំៗ នៅអាស៊ីអាគ្នេយ៍មួយចំនួន។
យ៉ាងណាមិញ ជុំវិញការសន្យានេះ ត្រូវបានធ្វើឡើង ខណៈពេលដែលតំបន់អាស៊ីភាគច្រើនកំពុងទទួលរងផលប៉ះពាល់ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ប្រេង ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ហើយសម្រាប់ប្រទេសជប៉ុន ជំនួយនេះ គឺជាចលនាដ៏សំខាន់មួយដើម្បីពង្រឹងឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
គួរឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានវាយប្រហារយ៉ងាខ្លាំង ដោយការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោក។ តំបន់នេះ ត្រូវបានចាត់ទុកថាជាកន្លែងផលិតឧបករណ៍ដ៏សំខាន់មួយ ដែលមានប្រភពមកពីប្រេង ដែលមានសារៈសំខាន់ក្នុងការផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីផ្លាស្ទិច រហូតដល់សម្លៀកបំពាក់។ លោកស្រី Takaichi ក៏បានសង្កត់ធ្ងន់ថា ជំនួយហិរញ្ញវត្ថុនេះ នឹងអាចជួយជំរុញរោងចក្រនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បាននិយាយបន្ថែមទៀតថា ប្រទេសជប៉ុននឹងមិនគ្រាន់តែផ្តល់ប្រេងដល់ប្រទេសដែលកំពុងជួបការលំបាកដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ានោះទេ ប៉ុន្តែនឹងធ្វើការរួមគ្នាជាមួយប្រទេសអាស៊ី ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលបន្ថែមទៀតផងដែរ៕

