ប្រទេសអារ៉ាប់រួម (UAE) កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តចេញពីអង្គការប្រទេសនាំចេញប្រេងអារ៉ាប់ (OAPEC) ពោលគឺត្រឹមតែពីរ បីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកាសដកខ្លួនចេញពីអង្គការប្រេងពិភលោក OPEC និង OPEC+។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញព័ត៌មាននៃការចាកចេញនេះផងដែរ ត្រូវបានបញ្ជាក់ដោយ OAPEC កាលពីថ្ងៃទី៣ ខែឧសភា ខណៈពេលដែលលេខាធិការដ្ឋាននៃអង្គការនេះ បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តតាមរយៈលិខិតមួយច្បាប់ពីរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Mohammed Al Mazrouei ទៅកាន់រដ្ឋមន្ត្រីប្រេងលីប៊ី លោក Khalifa Rajab Abdul Sadiq ដែលជាប្រធានបច្ចុប្បន្ននៃក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ OAPEC។
សម្រាប់ការដកខ្លួនចេញរបស់អារ៉ាប់រូួមពីអង្គការ OAPEC នេះ ត្រូវចូលជាធរមានភ្លាមៗ ចាប់ពីថ្ងៃទី១ ខែឧសភា ពោលគឺពេលដូចគ្នាទៅនឹងការដកខ្លួនចេញពីអង្គការប្រេង OPEC និង OPEC+ ផងដែរ។
គួរឲ្យដឹងថា OAPEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដោយប្រទេសគុយវ៉ែត លីប៊ី និងអារ៉ាប៊ីសាអូឌីត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនាំចេញប្រេងអារ៉ាប់។ ហើយបន្ទាប់ពី UAE ចាកចេញ អង្គការនេះមានសមាជិកសរុបចំនួន ១០ ប្រទេស ដោយក្នុងនោះរួមមាន អាល់ហ្សេរី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត បារ៉ែន អ៊ីរ៉ាក់ គុយវ៉ែត លីប៊ី កាតា ស៊ីរី និងទុយនីស៊ី។
ជម្រាបជូនថា សម្ព័ន្ធភាពនេះមិនគ្រប់គ្រងដោយផ្ទាល់នូវការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅរបស់ពិភពលោកដូច OPEC និង OPEC+ ទេ។ ពួកគេសហការជាចម្បងលើបញ្ហាបច្ចេកទេស ចែករំលែកធនធាន និងជំនាញ សម្របសម្រួលការអនុវត្តគម្រោងរួមគ្នា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យថាមពលនៅក្នុងប្រទេសអារ៉ាប់តែប៉ុណ្ណោះ៕

