តម្លៃប្រេងអន្តរជាតិ ទំនងហក់ឡើងដល់ ១៥០-១៦០ដុល្លារ/បារ៉ែល ខណៈទុនបម្រុងសកលកំពុងថយចុះខ្លាំង

អន្តរជាតិ

តម្លៃប្រេងឆៅប្រភេទ Brent អាចកើនឡើងដល់ ១៥០-១៦០ដុល្លារក្នុងមួយបារ៉ែលនាពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រសិនបើស្តុកប្រេងសកលធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទមួយនៅទីក្រុងញូវយ៉ក លោក Neil Chapman អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Exxon Mobil បាននិយាយថា ស្តុកប្រេងសកលកំពុងខិតជិតដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក។

លោកបានមានប្រសាសន៍ថា ៖”ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ស្តុកប្រេងអាចធ្លាក់ចុះដល់កម្រិតទាបបំផុត។ នៅពេលនោះ តម្លៃប្រេងនឹងកើនឡើងយ៉ាងខ្លាំង។ តម្លៃប្រេងឆៅប្រភេទ Brent ដែលមាន ៦០% នៃប្រេងឆៅដែលត្រូវបានជួញដូរទូទាំងពិភពលោក កើនអាចឡើងដល់ ១៥០-១៦០ដុល្លារក្នុងមួយបារ៉ែល”។

គួរឲ្យដឹងថា ស្តុកប្រេង និងការបញ្ចេញពីទុនបម្រុងយុទ្ធសាស្ត្របានជួយកាត់បន្ថយតម្លៃប្រេងក្នុងរយៈពេលបីខែកន្លងមកនេះ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាបានរារាំងការផ្គត់ផ្គង់ដល់តំបន់ជាច្រើននៃពិភពលោក។ នេះជាមូលហេតុដែលប្រេងឆៅនាពេលអនាគត ដូចជាប្រភេទ Brent និង WTI របស់សហរដ្ឋអាមេរិក នៅតែមានតម្លៃទាបជាង ១០០ដុល្លារក្នុងមួយបារ៉ែល ទោះបីជាច្រកសមុទ្រ Hormuz នៅតែត្រូវបានរារាំងក៏ដោយ។

ថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនទាន់កើតឡើងនៅឡើយទេ។ អាជីវកម្មប្រេង និងអ្នកជំនាញកំពុងចេញការព្រមាកាន់តែខ្លាំងឡើង ពាក់ពន្ធទៅនឹងកង្វះខាតប្រេងឥន្ធនៈនាពេលដ៏ខ្លីខាងមុខ។

ជម្រាបជូនទៀតថា កាលពីថ្ងៃទី២ ខែមិថុនា លោក Toril Bosoni នាយកនៃនាយកដ្ឋានប្រេង និងទីផ្សារនៅទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានថ្លែងថា ប្រសិនបើស្តុកប្រេងបន្តធ្លាក់ចុះក្នុងអត្រាបច្ចុប្បន្ន នោះទុនបម្រុងប្រេងសកលអាចធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈតម្រូវការប្រេងឥន្ធនៈរដូវក្តៅ នឹងកើនឡើងដល់កម្រិតកំពូល៕